(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានចេញលិខិតមួយ ជម្រាបជូនដល់ អភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យណែនាំដល់មន្ទីរសុខាភិបាល នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជួយសង្គ្រោះ ពិនិត្យ ថែទាំ ព្យាបាលជំងឺកូវីដ-១៩ គ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗ។
ក្នុងលិខិតរបស់ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូន អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា ក្រសួងសុខាភិបាលសូមកោតសរសើរដោយស្មោះដល់ក្រុម គ្រូពេទ្យនៅទូទាំងប្រទេស ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ពិនិត្យ ថែទាំ និងព្យាបាលជំងឺនៅ តាមមូលដ្ឋាសុខាភិបាលសាធារណៈ ជាពិសេសចាប់តាំងពីដើមឆ្នាំ២០២០ នៃការរាតត្បាតវីរុសកូវីដ-១៩ នៅក្នុងប្រទេស ក្នុងតំបន់ និងនៅលើសកលលោក។
លោករដ្ឋមន្រ្តីបានបន្ថែមថា ក្នុងអំឡុងពេលឈប់សម្រាកចំនួន០៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្រសួងសុខាភិបាល សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ណែនាំដល់មន្ទីរសុខាភិ បាលរាជធានី-ខេត្ត ធ្វើការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយសង្គ្រោះ ពិនិត្យ ថែទាំ ព្យាបាលជំងឺកូវីដ-១៩ គ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ខាងមុខនេះ ដើម្បីជាការប៉ះប៉ូវ ចំពោះការមិនអនុញ្ញាតឱ្យឈប់សម្រាក កាលពីអំឡុងចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងទៅ ដែលពេលនោះ ជាការចាត់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕
ខាងក្រោមនេះជាលិខិតរបស់លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង៖