(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ផលប៉ះពាល់ និងវិធានការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ក្នុងវិស័យផលិតកម្មកសិកម្ម» ដែលមានការចូលរួមជាវាគ្មិនពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់អំពីផលប៉ះពាល់ និងវិធានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទប់ទល់នឹងភាពប្រឈមវិស័យកសិកម្ម ជាពិសេសគឺអនុវិស័យផលិតកម្មដំណាំ ក្នុងកាលៈទេសៈនៃស្ថានភាពប្រែប្រួលអាកាសធាតុ។

របាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ថា នៅកម្ពុជាងាយរងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ ព្រោះប្រជាជនប្រមាណ៨០ភាគរយ ពឹងផ្អែកវិស័យកសិកម្ម ជាពិសេសនៅតំបន់ទំនាបកណ្ដាល និងតំបន់ទន្លេសាប (អាងទន្លេមេគង្គ), ផ្ទៃដីដាំដុះស្រូវស្រែពឹងដោយទឹកភ្លៀងមាន ជាង២,៥លានហិកតា, ការយល់ដឹងពីការប្រែប្រួលអាកាសធាតុនៅមានកម្រិត និងមានសមត្ថភាពបច្ចេកទេស ធនធានថវិកា និងស្ថាប័ននៅមានកម្រិតនៅឡើយ ពាក់ព័ន្ធវិធានការ ឆ្លើយតបនឹងប្រែប្រួលអាកាសធាតុ។

ការប៉ះពាល់ខូចខាតដោយគ្រោះរាំងស្ងួត និងទឹកជំនន់ គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ រាំងស្ងួតនៅខេត្តបន្ទាយមានជ័យ ប៉ះពាល់ដំណាំស្រូវ ៨០,២០៥ហិកតា, ខូចខាត ៦,៤៣៩ហិកតា។ ដំឡូងមី ១៤,៥១៧ហិកតា ខេត្តព្រៃវែង ប៉ះពាល់១៨,៣២៥ហិកតា សង្គ្រោះបាន១៨,៣២៥ហិកតា។

មមាចត្នោត នៅខេត្តកំពង់ស្ពឺ ១,៥០០ហិកតា សង្គ្រោះបាន៥.៥ហិកតា។ ទឹកជំនន់ខេត្តកែប ២០ហិកតា៕