(សៀមរាប)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងផែនការបោសសម្អាតមីន/គ្រាប់បែកចង្កោម និងកម្មវិធីវិភាគទិន្នន័យសកម្មភាពមីន (Web-Based Application for Mine Action Planning and Prioritization, WBAPP) ក្នុងគោលបំណងពង្រឹងប្រសិទ្ធិភាពនៃការគ្រប់គ្រងទិន្នន័យ និងកត់ត្រាតាម Online លើដំណើរការនៃការរៀបចំកសាងផែនការរបស់ក្រុមការងាររៀបចំផែនការសកម្មភាពមីន រាជធានី-ខេត្ត(ម៉ាពូ) ពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ។
ពិធីបិទវគ្គមានការអញ្ជើញចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្ត ថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរមីន តំណាងគម្រោង NPA-DFID និង ក្រុមការងារផែនការសកម្មភាពមីន(ម៉ាពូ) ១៨ខេត្ត ដែលមានផែនការបោសសម្អាតមីន/គ្រាប់ប្រចាំឆ្នាំ។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្ននេះវិស័យសកម្មភាពមីននៅកម្ពុជា បាននាំមកនូវបដិវត្តន៍ និងស្វ័យប្រតិកម្មមួយយ៉ាងសំខាន់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា តាមរយៈការប្រើប្រាស់ប្រព័ន្ធថ្មីនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការតាមដានការអនុវត្តផែនការបោសសម្អាត របស់ម៉ាពូរាជធានី-ខេត្ត តាមរយៈអនឡាញ ហើយក៏អាចអនុញ្ញាតអោយម៉ាពូ ផ្ទុកទិន្នន័យ និងឆែកមើលទិន្នន័យ ក្នុងខេត្តរបស់ខ្លួនបាន យ៉ាងងាយស្រួល។
ដើម្បីជួយជំរុញអោយស្ថាប័នអាចដើរទាន់ការវិវត្តបច្ចេកវិទ្យាទំនើប ដូចប្រទេសក្នុងតំបន់ លោកទេសរដ្ឋមន្រ្តី បានផ្តល់ការណែនាំដល់វគ្គបណ្ដុះបណ្ដាលទាំងមូល ដូចខាងក្រោម៖
*ទី១៖ ម៉ាពូត្រូវបន្តសិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ដែលអាចជំរុញប្រសិទ្ធភាពការងារបានល្អប្រសើរជាងមុន
*ទី២៖ ម៉ាពូត្រូវប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីសាកល្បងការគ្រប់គ្រងទិន្នន័យនៃការរៀបចំផែនការក្នុងខេត្តរៀងខ្លួន
*ទី៣៖ ម៉ាពូត្រូវចុះអង្កេតចម្ការមីន អោយដល់ទីតាំងចម្ការមីន និងបំពេញទម្រង់ក្នុង Tablet
*ទី៤៖ អាជ្ញាធរមីន ត្រូវបន្តចុះគាំទ្របច្ចេកទេសបន្ថែម និងរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលរំលឹក ដើម្បីពង្រឹងដល់ការប្រើប្រាស់សម្រាប់មន្ត្រីម៉ាពូ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដាក់ចេញចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការបញ្ចប់ការគំរាមកំហែង ដោយសារមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានជំរុញអោយថ្នាក់ដឹកនាំអាជ្ញាធរមីន និងភាគីពាក់ព័ន្ធវិស័យមីន ត្រូវរៀបចំការវាយតម្លៃផែនការសកម្មភាពមីន ៣ឆ្នាំ (២០១៨-២០២០) នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដើម្បីកែលម្អ និងផ្តល់ធាតុចូលបន្ថែមសម្រាប់វិស័យមីននៅកម្ពុជាឈានទៅដល់ភាពជោគជ័យ តាមផែនការដែលបានដាក់ចេញ។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ណែនាំ បន្ថែមចំនួន ៨ ចំណុច ដើម្បីពង្រីកភាពជោគជ័យ និងឧត្តមភាពការងារ រួមមាន៖
*ទី១៖ បន្តមានការប្តេជ្ញាចិត្តខ្ពស់ចំពោះគោលដៅ និងទស្សនវិស័យរួម
*ទី២៖ ប្រកាន់ខ្ជាប់នូវវិន័យ និងវិជ្ជាជីវៈ
*ទី៣៖ ត្រូវមានសតិសម្បជញ្ញៈការងារ ការទទួលខុសត្រូវ និងគោលការណ៍សីលធម៌
*ទី៤៖ ត្រូវផ្តល់គុណតម្លៃការងារអោយបានខ្លាំងក្លា
*ទី៥៖ ត្រូវយល់អោយច្បាស់នូវមូលហេតុ និងគោលបំណងការងារ ដែលយើងកំពុងធ្វើ
*ទី៦៖ លើកកម្ពស់កិច្ចសហការ និងស្មារតីការងារជាក្រុម
*ទី៧៖ រក្សាភាពអត់ធ្មត់ បន្តរៀនសូត្រជាប្រចាំ សម្របខ្លួន និងបន្តឆ្ពោះទៅមុខជានិច្ច
*ទី៨៖ ត្រូវបែងចែកឲ្យបានច្បាស់នូវលក្ខណៈសម្បត្តិ នៃភាពជោគជ័យ និងភាពបរាជ័យ៕