(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនលោកស្រី ជ សេងឡុង អាយុ ៥១ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងមានកូនចំនួន ៤នាក់ ក្នុងបន្ទុក រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
លោក ទៀង សុគន្ធ, ក្នុងនាមលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងនឹករឮកបំផុត។
លោកបានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រកុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។
ក្នុងឱកាសនោះដែរលោកនាយកសាខា បានជូនពរដល់លោកស្រីឱ្យឆាប់ជាសះស្បើយពីជំងឺប្រចាំកាយ និងបានបួងសួងដល់វត្ថុសាកសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាឃុំគ្រងឱ្យលោកស្រីជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះផងដែរ។
អំណោយដែលសាខា បានផ្តល់ជូនដើម្បីសម្រួលដល់ការចំណាយប្រចាំថ្ងៃដល់ក្រុមគ្រួសាររួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកអាល់កុល ១ដប, ម៉ាស់ ១០បន្ទះ និងថវិកាចំនួន ៨០ម៉ឺនរៀលផងដែរ៕