(បន្ទាយមានជ័យ)៖ ដោយមើលឃើញពីការលំបាក និងក្តីអាណិតអាសូរ លោកស្រី ជ័យ ណារី អ៊ុ រាត្រី បានដឹកនាំក្រុមការងារ រួមនឹងក្រុមយុវជនខេត្ត ចុះសាកសួរសុខទុក្ខ ដោយនាំយកអំណោយ មានអង្ករ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាចំនួន១លានរៀល ជូនប្អូនស្រី អៅ រីយ៉ា អាយុ១៩ឆ្នាំ មានជំងឺឈាមសស៉ីឈាមក្រហម សព្វថ្ងៃកំព្រាឪពុកម្តាយរស់នៅជាមួយបងប្រុស២នាក់ ព្រមទាំងមានជីវភាពខ្វះខាត រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នាឱកាសចុះសួរសុខទុក្ខនស្រី អៅ រីយ៉ា នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោកស្រី ជ័យ ណារី អ៊ុរាត្រី បានផ្តាំផ្ញើដល់ប្អូនស្រី អៅ រីយ៉ា ត្រូវសម្រាកឱ្យបានច្រើនញាំថ្នាំឱ្យបានទៀងទាត់ និងថែរក្សាសុខភាពឱ្យបានល្អ។ បន្ថែមពីនេះលោស្រី ក៏បានជូនពរដល់ប្អូនស្រី ឱ្យឆាប់សះស្បើយពីជំងឺ ដើម្បីបានបន្តការសិក្សាបន្តទៀត។
បងប្រុសរបស់ប្អូនស្រី អៅ រីយា ទាំង២នាក់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ុ រាត្រី និងលោកស្រី ដែលបាននាំយកអំណោយជួយដល់ក្រុមគ្រួសារពួកគេទាំង៣នាក់បងប្អូន ដែលកំពុងមានភាពខ្វះខាត សម្រាប់ដោះស្រាយប្រចាំថ្ងៃព្រមទាំងបានផ្តល់ថវិកាសម្រាប់ទៅជួបគ្រូពេទ្យតាមការណាត់នៅពេលខាងមុខ។
ពួកគេបានបន្តថា ប្អូនស្រីពៅ អៅ រីយ៉ា មានជំងឺនេះ៣ឆ្នាំមកហើយ ហើយទើបតែ៣ខែចុងក្រោយនេះ មានអាការៈធ្វើទុក្ខខ្លាំងធ្លាក់ខ្លួនឈឺស្គមរីងរ៉ៃ គ្មានថវិកាសម្រាប់ព្យាបាលប្អូន ហើយក៏មានក្រុមការងារសប្បុរសជន បានជួយយកទៅព្យាបាលនៅភ្នំពេញ ទើបធ្វើឱ្យអាការៈប្អូនស្រី មានសាច់មានឈានជាងមុន។
ប្អូនស្រី អៅ រីយ៉ា ព្រមទាំងបងប្រុសទាំង២នាក់ ក៏បានជូនពរដល់លោក អ៊ុ រាត្រី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ និងសំណាងល្អ ឈ្នះអស់មារសត្រូវ និងជោគជ័យគ្រប់កិច្ចការងារ។
ជាមួយគ្នានោះដែរ លោកស្រីរួមនឹងក្រុមការងារក៏បានចែកអំណោយជូនដល់គ្រួសារក្រីក្រ ចំនួន៥គ្រួសារ នៅក្នុងភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ដែលមានជីវភាពខ្វះ សម្រាប់ជួយដោះស្រាយបញ្ហាប្រចាំថ្ងៃ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៤គីឡូក្រាម, មីមួយកេស, ត្រីខ, ទឹកស៊ីអ៉ីវ, ទឹកត្រី និងគ្រឿងឧបភោគបរិភោគមួយចំនួន។ ក្នុងនោះលោកស្រី ក៏បានបន្តទៅសាកសួរសុខទុក្ខលោកតា មាន ធួន ជាអនុភូមិខ្លាកូនចាស់ ដែលកំពុងតែមានជំងឺសម្រាកនៅផ្ទះ និងបានជួយជាថវិកាចំនួន ៥៥ម៉ឺនរៀល សម្រាកជួយសម្រួលថ្លៃព្យាបាលជំងឺផងដែរ៕