(ភ្នំពេញ)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខា លើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ នឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។
ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជាការបើកចំហរទីផ្សារដ៏ធំរវាងប្រទេស និងប្រទេសបែបនេះហើយ ទើបកាលពីខែកក្កដា កន្លងទៅ កម្ពុជា-ចិន បានប្រកាសពីការបិទបញ្ចប់ការសិក្សាអំពីគម្រោងផ្លាស់ប្តូរពាណិជ្ជកម្មសេរី រវាងប្រទេសទាំង២។ ការសិក្សាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានធ្វើឡើយក្រោយពីមានការបើកផ្លូវពីថ្នាក់ដឹកនាំនៃប្រទេសទាំង២កាលពីឆ្នាំ២០១៩។ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចឲ្យមានការសិក្សា ពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន។ នៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះធ្វើឡើងដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាងមុន និងសំដៅសម្រេចឲ្យបានគោលដៅ ពាណិជ្ជកម្មសរុបចំនួន ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះត្រូវបាន លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងឲ្យដឹងថា នៅក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ចូលជាធរមាននោះ ការនាំទំនិញចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន នឹងកើនឡើងប្រមាណ២៥ភាគរយបន្ថែមទៀត។ ខណៈឆ្នាំ២០១៩កន្លងទៅ កម្ពុជានាំទំនិញទៅប្រទេសចិន បានឡើងរហូតដល់១ពាន់លានដុល្លារ ហើយទំនិញនាំចូលពីប្រទេសចិនមកវិញ ប្រមាណជិត៧ពាន់លានដុល្លារ។
លោក សុខ សុភ័ក្ដ្រ បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីការសិក្សានេះហើយ មានការចង្អុលបង្ហាញថា យើងឡើងប្រហែលជា២៥ភាគរយនៃការនាំចេញ ពីមុនយើងឡើងតិចតួច ចិនក៏ឡើង យើងក៏ឡើង។ តែអត្រាកំណើនសឹងតែប្រហែលគ្នា។ ព្រោះសេដ្ឋកិច្ចរបស់យើងវាផ្អែកទៅលើការនាំចូលផលិត កែច្នៃនាំចេញទៅវិញ។ អីចឹងបើយើងមានរបស់ក្នុងស្រុកយើង មានរោងចក្រស្លរដែក មានរោងចក្រធ្វើស័ង្កសី មានរោងចក្រធ្វើការ៉ូ ធ្វើប៉ុបសូឡែន ឬក៏ធ្វើកំណាត់ ធ្វើឧបករណ៍អីផ្សេងៗវាមិនអីទេ យើងនាំតែចេញវាឡើងហើយ ប៉ុន្តែយើងត្រូវការនាំចូលហើយ នាំចេញទៅវិញ អីចឹងវាឡើងដូចគ្នា»។
លោក សុខ សុភ័ក្ដ្រ សង្កត់ធ្ងន់ទៀតថា ទំនិញដែលកម្ពុជា នាំចូលពីប្រទេសចិន ភាគច្រើនសុទ្ធតែជាប្រភេទគ្រឿងចក្រ និងទំនិញផ្សេងទៀត ដែលបម្រើឲ្យវិស័យសំណង់ជាដើម។ ដែលមិនធ្វើឲ្យខាតបង់ប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរឡើយ។ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជានឹងអាចនាំចេញទំនិញ ៩៥ភាគរយ ទៅកាន់ប្រទេសចិន ដោយមិនគិតពន្ធ ក្នុងចំណោមទំនិញជាង ៣៤០មុខទំនិញ។ នេះជាការបញ្ជាក់របស់ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។
លោក សុខ សុភ័ក្ត្រ បានអះអាងយ៉ាងដូច្នេះថា៖ «យើងបានបើកផ្សារទៅប្រទេសចិនហ្នឹង ប្រហែលមុខទំនិញ៣៤០មុខ ឬអាចប្រហែលលើសខ្វះបន្តិចបន្តួច ហើយដែលមុខទំនិញទាំងនោះត្រូវបានចុះពន្ធទៅ ០% ភ្លាមៗ ប្រហែល៩៥% បានន័យថា មុខទំនិញ ៩៥% ចុះពន្ធទៅភ្លាម នៅសល់៥% គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់អាចចុះទៅ០%»។
ការធ្វើពាណិជ្ជកម្មសេរីជាមួយចិន របស់កម្ពុជា ត្រូវបានលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា គឺជាភាពវ័យឆ្លាតមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតប៉ូលពាណិជ្ជកម្មថ្មីមួយទៀត ក្រៅពីអឺរ៉ុប និងអាមេរិក។ ដែលអាចធ្វើឲ្យកម្ពុជា គេចចេញពីគំនាបសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចលោកខាងលិចផងដែរ។
លោក គី សេរីវឌ្ឍន៍ បញ្ជាក់៖ «កាលណាយើងផ្អែកលើទីផ្សារមួយវាមិនគ្រប់គ្រាន់ទេ ករណីដូចជា EBA ដែលអាចចព្យួរនៅខែសីហាខាងមុខនេះ។ ហើយបើសិនជាEBAត្រូវព្យួរមានន័យថាអាមេរិក គឺជាជម្រើសសម្រាប់ឲ្យកម្ពុជាជ្រើសរើសបន្ទាប់ពីអឺរ៉ុបត្រូវបានផ្អាក។ តែឥលូវនេះកម្ពុជាមិនមែនពឹងតែលើអាមេរិកមួយនោះទេ គឺងាកមករកជម្រើសទី២មួយទៀតគឺចិន អីចឹងមានន័យថាយើងមានប៉ូលច្រើន គឺយើងមានពិពិត្តកម្មនៃទីផ្សាររបស់យើង។ ហើយបើយើងមិនងាកចេញពីប៉ូលមួយទេ មានន័យថាយើងត្រូវរងគំនាបសេដ្ឋកិច្ចពីប្រទេសមហាអំណាច។ អីចឹងហើយភាពវ័យឆ្លាតរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ ការងាកចេញពីគំនាបសេដ្ឋកិច្ចដែលយើងនាំចេញទៅតែទីផ្សារតែមួយដោយបង្កើតឲ្យមានប៉ូលសេដ្ឋកិច្ចផ្សេងទៀត»។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចខាងលើក៏បានបន្ថែមផងដែរថា កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យកម្ពុជាមានឱកាសធំៗចំនួន៦ ដើម្បីឲ្យកម្ពុជាឈានទៅរកអភិវឌ្ឍប្រកបដោយចីរភាព។
លោក គី សេរីវឌ្ឍន៍ បញ្ជាក់៖ «កិច្ចព្រមព្រៀងសេរីកម្ពុជា ចិន គឺបានបង្កើតឲ្យកម្ពុជា ធ្វើពិពិធកម្មនៃឧស្សាហកម្ម ដែលយើងអាចងាកចេញពីវិស័យកាត់ដេរតែមួយមុខគត់ ឲ្យទៅវិស័យផ្សេង។ ទី២គឺយើងអាចបង្កើតការវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម។ ទី៣ រដ្ឋាភិបាលគួរតែកែលម្អច្បាប់បទគតិយុទ្ធនានាដែលពាក់ព័ន្ធទៅនិងពាណិជ្ជកម្មសេរីនេះ ឲ្យកាន់តែប្រសើរឡើង បើមិនដូច្នេះទេ ការផលិតរបស់យើងនៅតែមានការរារាំងដដែល។ ទី៤ គឺហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវមានការអភិវឌ្ឍ ជាពិសេស គឺការសហការណ៍ជាមួយប្រទេសចិន តាមគម្រោងBRI (ខ្សែក្រវាត់ និងផ្លូវ)។ ក៏ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់បន្ថែមដែរថា តើត្រូវដាក់ទៅតំបន់ណាឲ្យចំគោលដៅ។
មួយទៀតគឺពាក់ព័ន្ធទៅនិងឱកាសពាណិជ្ជកម្មអនឡាញ កាលណាយើងនិយាយពីពាណិជ្ជកម្មជាមួយចិន យើងត្រូវតែធ្វើពាណិជ្ជកម្មអនឡាញនេះឯង។ ព្រោះចិនគេបានដើរទៅមុខហើយ បច្ចេកវិទ្យាជំនាន់ទី៤ ចិនបានដើរទៅលឿនជាងគេ សឹងតែនៅលើពិភពលោក។ មួយទៀតគឺពាក់ព័ន្ធទៅនិងការផ្ដល់ឱកាសវិនិយោគទៅដល់ប្រទេសទី៣ កិច្ចព្រមព្រៀងនេះមិនត្រឹមតែវិនិយោគជាមួយចិនទេ ប្រទេសទី៣ដែលមកប្រទេសយើងដើម្បីផលិតទៅចិន វាមិនខុសអីពីចិនមកផលិតនៅប្រទេសយើងដើម្បីនាំទៅអឺរ៉ុបនោះទេ។ កាលពីយើងទទួលបានEBA ចិន កូរ៉េ ជប៉ុន មកកម្ពុជា ដើម្បីផលិតនាំទៅអឺរ៉ុប។ អីចឹងចិនផ្ដល់ឱកាសឲ្យយើងវិញប្រាកដជាប្រទេសផ្សេងៗមកផលិតនៅស្រុកយើងដើម្បីនាំទៅប្រទេសចិនដែរ។ និងចុងក្រោយគឺយើងទទួលបាននូវបច្ចេកវិទ្យា និងបច្ចេកទេស នៃការផលិតសម្រាប់សហគ្រាស ផលិតកម្មរបស់យើងឲ្យកាន់តែប្រសើរជាងមុន»។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏ត្រូវបានលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកស្រាវជ្រាវលើបញ្ហាពាណិជ្ជកម្មរវាងកម្ពុជា និងចិនមួយរូបដែរនោះ បានសាទរផងដែរ ចំពោះការសម្រេចបាននូវនយោបាយថ្មីក្នុងការធ្វើពាណិជ្ជកម្មជាមួយចិននេះ។ តែលោកនៅតែបារម្ភ ប្រសិនជាកម្ពុជាមិនបានត្រៀមខ្លួនរួចរាល់នោះទេ វានឹងធ្វើឲ្យការផលិតមិនបានខ្លាំង ហើយនាំឲ្យកម្ពុជាទទួលបានប្រយោជន៍តិចតួចពីពាណិជ្ជកម្មសេរីនេះ។
ក្រៅពីការព្រួយបារម្ភលើការខាតបង់ប្រយោជន៍សម្រាប់កម្ពុជាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការនៅចំពោះមុខថ្នាក់ដឹកនាំនៃប្រទេសទាំង២ នៅចុងខែសីហា ឆ្នាំ២០២០នេះ។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់យោបល់ថា ដើម្បីឲ្យកម្ពុជាអាចទាញបានផ្ដល់ប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្រសួងចំនួន៥ត្រូវតែធ្វើការរួមគ្នា។ ដើម្បីជំរុញការផលិតរបស់កម្ពុជាឆ្លើយតបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ហើយអាចឲ្យកម្ពុជាក្លាយជាប្រទេសសិង្ហបុរីទី២។ បើតាមលោកបណ្ឌិតសភាចារ្យ សុខ ទូច ក្រសួងពាក់ព័ន្ធដែលត្រូវពង្រឹងការងារ ដើម្បីបង្កើនការផលិតនេះរួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បញ្ជាក់៖ «យើងត្រូវត្រៀមខ្លួន អីចឹងក្រសួងពាណិជ្ជកម្មគាត់បានធ្វើកិច្ចព្រមព្រៀងជាមួយចិនហើយ ហើយគាត់បានប្រកាស់ទៀតអីចឹងយើងត្រូវត្រៀមខ្លួន។ ហើយមិនមែនត្រៀមខ្លួនតែក្រសួងពាណិជ្ជកម្មទេ ក្រសួងពាណិជ្ជកម្មមានតួរនាទីរកទីផ្សារឲ្យ តែក្រសួង៥ទៀតដែលត្រូវរៀបចំខ្លួន កុំមើលស្រាលឲ្យសោះ ហើយកុំគិតថាអ្នកគិតផលប្រយោជន៍ ខ្ញុំជឿថា យើងមានទីផ្សារកាន់តែច្រើន វាជាឧទាហរណ៍ប្រាប់ទៅចិនថា ចិនកំពុងមានឥទ្ធិពលមកកម្ពុជា តែបើជប៉ុនចង់ចូលទៀតស្វាគមន៍ កូរ៉េចង់ចូលមួយទៀតបើតាមខ្ញុំដឹង គេចរចាហើយ។ អីចឹងយើងកាន់តែបើកឱកាសឲ្យកាន់តែច្រើនអីចឹងកម្ពុជាអាចប្រែក្លាយទៅជាសិង្ហបុរីទី២»។
ក្រៅពីជម្រុញឲ្យមានការសហការណ៍រវាងក្រសួងស្ថាប័នពាក់ព័ន្ធ លោកបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានលើកពីបញ្ហាប្រឈមមួយចំនួនទៀត ដែលនាំឲ្យកម្ពុជាពិបាកពីការទាញយកប្រយោជន៍ពីពាណិជ្ជកម្មសេរីនេះផងដែរ។ បញ្ហាប្រឈមនោះមានដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, មូលដ្ឋានផលិតកម្ម និងថ្លៃដើមដឹកជញ្ជូនខ្ពស់ជាងប្រទេសជិតខាង, កង្វះធនធានមនុស្សក្នុងឧស្សាហកម្មធុនធ្ងន់ និងមធ្យម និងកង្វះបច្ចេកវិទ្យាទំនើប។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បញ្ជាក់៖ «កុំបារម្ភគេមិនខ្លាចមកវិនិយោគនៅកម្ពុជាទេ ប៉ុន្តែកម្ពុជាត្រូវចំណុច៣ដើរតួនាទីសំខាន់ ទី១ដឹកជញ្ជូន ទី២ការិយាល័ធិបតីត្រូវបោសសំអាតចេញ ទី៣គឺជំនាញវិជ្ជាជីវៈ បើគ្មានទាំងអស់នេះទេគឺមិនអាចទេ ហើយចំណុចមួយទៀតគឺអគ្គិសនី»។
បន្ថែមលើនេះប្រធានរាជបណ្ឌិត្យសភាខាងលើ ក៏បានផ្តល់អនុសាសន៍បន្ថែមឲ្យមានការប្រុងប្រយ័ត្នផងដែរ ចំពោះទំនិញប្រទេសជិតខាងបិទផ្លាកផលិតនៅកម្ពុជា ហើយនាំចេញទៅប្រទេសចិន។ ដែលបញ្ហានេះ នឹងនាំឲ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរ។
ជាការសម្គាល់ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជានឹងនាំចេញទៅចិនជាង ៣៤០មុខទំនិញ ហើយ ៩៥% នៃទំនិញនោះ នឹងចុះពន្ធទៅ 0%។ នៅសល់៥% គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់អាចចុះទៅ០%។ ចំណែកមុខទំនិញដែលភាគីចិន គិតពន្ធពីប្រទេសកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ មូលហេតុដែលភាគីចិន គិតពន្ធលើមុខទំនិញទាំងអស់នេះ ដោយសារភាគីចិន មិនចង់ឱ្យការនាំចូលទីផ្សារ ខ្លួនប៉ះពាល់ផលិតផលក្នុងស្រុក។ បន្ថែមពីនេះ ការគិតពន្ធលើមុខទំនិញទាំងនេះ មិនមែនជាបញ្ហាដល់ភាគីកម្ពុជានោះទេ ព្រោះថាកម្ពុជា មិនមែនជាប្រទេសផលិតសម្ភារទាំងអស់នេះនោះឡើយ។ នេះជាបញ្ជាក់បន្ថែមរបស់លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
បើតាមការបង្ហើបឲ្យដឹងពីលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទំនិញដែលកម្ពុជាលើកលែងពន្ធដល់ប្រទេសចិនភាគច្រើនជាប្រភេទរ៉ែគីមី សម្រាប់បម្រើឲ្យវិស័យឧស្សាហកម្ម ជាមួយនិងប្រភេទផ្លាស្ទីក ដែលនាំចូលសម្រាប់ផ្គុំឡើងនាំចេញទៅក្រៅប្រទេស។
យ៉ាងណាមិញក្រៅពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កម្ពុជាក៏បានកំពុងសិក្សាចរចាជាមួយកូរ៉េខាងត្បូងផងដែរ។ បន្ថែមពីនេះប្រទេសកម្ពុជា ក៏គ្រោងនឹងធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀត តួយ៉ាងប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) មានសមាជិកចំនួន៥ គឺប្រទេសអាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៊ី។ ត្រង់ចំណុចនេះ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះរួចរាល់អស់ហើយដែរ។
សូមបញ្ជាក់ថា ប្រទេសចិន គឺជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេសក៏ដូចជាភ្ញៀវទេសចរមកកាន់កម្ពុជា ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កម្ពុជាផងដែរ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិន មានចំនួនសរុបប្រមាណ ៦,៥ពាន់លានដុល្លារ កើនឡើង១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ ៥,៦ពាន់លានដុល្លារ។ ហើយនៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ កើនឡើងដល់ចំនួន ៨,២ពាន់លានដុល្លារ ដែលកើនឡើងលើសឆ្នាំ២០១៨ ដល់ទៅប្រមាណ២៧ភាគរយ៕