(ភ្នំពេញ)៖ អំពីហិង្សាមួយកើតឡើង នៅសាលាសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជាប់នឹងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ដោយបុរសជនរងគ្រោះ ដែលបានលែងលះជាមួយប្រពន្ធរួចរាល់ហើយនោះ ត្រូវបានអតីតបងថ្លៃវាយបែកក្បាលហូរឈាមដេរ៤ថ្នេរ។

ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅក្នុងសាលាសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ គ្រី សុខនី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ចំណែកជនបង្កឈ្មោះ ញឹម ឈិនលាង ភេទប្រុស អាយុ៣១ឆ្នាំ។

តាមការបញ្ជាក់របស់ជនរងគ្រោះបានឲ្យដឹងថា រូបលោក និងប្រពន្ធបានរស់នៅមិនចុះសម្រុងគ្នា ដោយឈានដល់ការលែងលះគ្នាតាមផ្លូវច្បាប់។ តុលាការបានកាត់សេចក្តីឲ្យកូនប្រុស និងកូនស្រី ទាំង២នាក់ របស់លោករស់នៅជាមួយប្រពន្ធ ដោយលោកចេញថ្លៃចិញ្ចឹមប្រចាំខែ ប៉ុន្តែកូនប្រុសអាយុ៨ឆ្នាំ មិនព្រមរស់នៅជាមួយប្រពន្ធ និងមើលថែកូនមិនបានល្អ ទើបលោកដាក់ពាក្យបណ្តឹងសុំប្តូរមេបា។

លោកថា កូនប្រុសរបស់លោក បានមករស់នៅជាមួយលោករយៈពេល៣ខែមកហើយ។ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោកកំពុងនៅផ្ទះសុខៗស្រាប់ តែមានសមត្ថកិច្ចហៅរូបលោក មកដោះស្រាយជាមួយអតីតប្រពន្ធ និងបងថ្លៃនៅសាលាសង្កាត់ ដើម្បីនិយាយដោះស្រាយគ្នារឿងកូន ខណៈថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ រូបលោក និងប្រពន្ធត្រូវឡើងតុលាការ ពាក់ព័ន្ធបណ្តឹងសុំប្តូរមេបា។

ជនរងគ្រោះបានឲ្យដឹងថា ពេលមកដល់សាលាសង្កាត់ ក៏ត្រូវបងថ្លៃដែលជាជនបង្ក ស្ទុះមកវាយខ្លួនពីក្រោយ ដោយក្នុងដៃមានរបស់រឹង បណ្តាលឲ្យបែកក្បាលហូរឈាម នៅក្នុងសាលាសង្កាត់ ដែលមានមន្ត្រីជាច្រើនរូបឈរមើល។

បន្ទាប់ពីកើតហេតុនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ ដោយសំណូមពរដល់សមត្ថកិច្ចរកយុត្តិធម៌ និងចាត់ការជនបង្កតាមច្បាប់។

ជនបង្កដែលជាបងថ្លៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តអនុវតន៍នីតិវិធី៕