(ពោធិ៍សាត់)៖ ក្មេងៗបួននាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីពួកគេនាំគ្នារើសយកគ្រាប់មិនទាន់ផ្ទុះ(មិនស្គាល់ឈ្មោះ)ទៅគប់លេងជាច្រើនលើកច្រើនសារ រួចក៏ផ្ទុះឡើងបណ្តាលអោយរងរបួសឈាមពេញដី។ ហេតុការដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចតង់ខៀវ ដែលស្ថិតនៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អធិការនគបាលស្រុកវាលវែងលោក វរសេនីយ៍ឯក ធាង ឡេង បានអោយដឹងតាមរយៈទូរសព្ទនៅល្ងាចថ្ងៃ១២ ខែសីហា ឆ្នាំ២០២០នេះថា ក្មេងៗរងគ្រោះទាំងបួននាក់ខាងលើនេះមានឈ្មោះ៖
១. សយ តុលា ភេទប្រុស អាយុ១៥ឆ្នាំ (របួសធ្ងន់)
២. សយ កុម្ភៈ ភេទប្រុស អាយុ១៣ឆ្នាំ (របួសធ្ងន់)
៣. សយ ស៊ីណាត ភេទប្រុស ១០ឆ្នាំ (របួសស្រាល)
៤. កួយ តាំងយូរ ភេទប្រុស អាយុ២២ឆ្នាំ (របួសធ្ងន់) ទាំង០៤នាក់រស់នៅភូមិ ឃុំកើតហេតុខាងលើ។

បច្ចុប្បន្ននេះក្មេងៗរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ។

ជាមួយគ្នានេះដែរ អធិការនគរបាលស្រុកវាលវែងលោកវរសេនីយ៍ឯក ធាង ឡេង បានធ្វើការអំពាវនាវ ហើយអំពាវនាវទៀតដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្ដាតំបន់ផ្សេងៗនៅស្រុកវាលវែង សូមមេត្តាប្រុងប្រយ័ត្ននៅពេលចេញទៅធ្វើការ ឬក៏ធ្វើស្រែចម្ការ ពេលជួបប្រទះនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសូមរួតរះមករាយការណ៍
ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីរាយការណ៍បន្តទៅកម្លាំងស៊ីម៉ាក់ចុះមកធ្វើការដោះ ឬកម្ទេចចោល និងសូមកុំទៅប៉ះពាល់ ឬយកគប់លេង ដំដុត ដែលបង្កឲ្យកើតមានគ្រោះថ្នាក់ដូចករណីខាងលើនេះផងដែរ។

សូមបញ្ជាក់ផងដែរថាកន្លងទៅថ្មីៗនេះក៏មានករណីផ្ទុះគ្រាប់ដែលមិនស្គាល់ឈ្មោះបណ្ដាលឱ្យបុរស ២នាក់បានស្លាប់នឹងកន្លែង ដែលតំបន់ខាងលើជាអតីតសមរភូមិសម័យសង្គ្រាមក្នុងស្រុក៕