(ស្ទឹងត្រែង)៖ ថៅកែរោងសិប្បកម្មផលិតទឹកកក ប្រចាំខេត្តស្ទឹងត្រែងដ៏មានឥទ្ធិពល ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ជា ពេជ្យ បញ្ជាឲ្យដោះលែងត្រឡប់ទៅវិញ បើទោះបីជននេះត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ ការបង្កគ្រោះថ្នាក់ចរាចរណ៌បើករថយន្តស៊េរីទំនើប ម៉ាក TUNDRA ទៅបុកជនរងគ្រោះ២នាក់ ប្តីប្រពន្ធ ដែលបណ្តាលឲ្យប្តីជាមេភូមិផងនោះស្លាប់ ខណ:ប្រពន្ធរងរបួសធ្ងន់ នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦កន្លងទៅ។
នាយការិយាល័យចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោក គង់ រតនា បានប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះថា ថៅទឹកកកនោះ ត្រូវបានលោកព្រះរាជអាជ្ញា បញ្ជាឲ្យទៅវិញ ដោយមានអ្នកធនា។
នាយការិយាល័យចរាចរណ៌រូបនេះ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យលោកព្រះរាជអាជ្ញាដោះលែងនោះ ក៏ព្រោះតែថៅកែលក់ទឹកកកបានអះអាងថា ខ្លួនមិនបានបើករថយន្តទេ គឺមិត្តភក្តិរបស់ខ្លួន ខ្ចីទៅបើក។
ជុំវិញការសម្រេចដោះលែងថៅកែ លក់ទឹកកកខាងលើនេះ អង្គភាព Fresh News មិនទាន់អាចសុំការបកស្រាយ ពីលោកព្រះរាជអាជ្ញាបាននៅឡើយទេ នៅយប់ថ្ងៃដដែលនេះ។
ជុំវិញការសម្រេចរបស់ លោកព្រះរាជអាជ្ញាខាងលើនេះប្រជាពលរដ្ឋ និងមជ្ឈដ្ឋានជាច្រើនបានចាត់ទុកថា សម្រាប់អ្នកមានលុយ និងមានឥទ្ធិពលគឺមិនត្រូវបានយកទោសយកពៃនោះឡើយ នៅពេលដែលបង្កគ្រោះថ្នាក់ចរាចរណ៌ ឬបង្កបទល្មើសអ្វីមួយ តែសម្រាប់អ្នកក្រ និងអ្នកទន់ខ្សោយវិញ នឹងត្រូវចាប់ខ្លួនភ្លាមៗ ហើយកាត់ទោសដាក់ពន្ធនាគារយ៉ាងតឹងរឹងបំផុត។
ចំពោះជនបង្ករូបនេះបានអះអាងថា ខ្លួនមិនមែនជាអ្នកបើករថយន្តនោះ ត្រូវបានប្រជាពលរដ្ឋឆ្លើយថា គឺជាលេសដោះសារដើម្បីដកបន្ទុក ពីព្រោះថៅកែទឹកកករូបនេះ ពិតជាបើករថយន្តទាំងស្រវឹងពេលចេញពីខារ៉ាអូខេយ៉ាងប្រាកដ ។ ខណ:ដែលជនរងគ្រោះមិនទាន់ទទួលយុត្តិធម៌ និងសំណងផងនោះ ស្រាប់តែជនបង្កត្រូវបានរួចខ្លួនទៀត វាផ្ទុយទៅនឹងការពង្រឹងច្បាប់ចរាចរណ៌ផ្លូវគោករបស់រាជរដ្ឋាភិបាល។
អ្នកច្បាប់មួយរូបបានថ្លែងថា យោងតាមមាត្រា៨៧ នៃច្បាប់ចរាចរណ៌ផ្លូវគោក ជនដែលបង្កគ្រោះថ្នាក់ចរាចរណ៌បណ្តាលឲ្យអ្នកដទៃស្លាប់ និងរងរបួសយ៉ាងដូច្នេះ ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ ពី៣ទៅ៥ឆ្នាំ ហើយត្រូវផ្តល់សំណងពី២០លានរៀល ទៅ៥០លានរៀល។
សូមបញ្ជាក់ថា បុរសជាប្តីបានស្លាប់ភ្លាមៗ និងប្រពន្ធរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដោយសារបុរសម្នាក់ ដែលត្រូវគេស្គាល់ថា ជាថៅកែលក់ទឹកកក ប្រចាំខេត្តស្ទឹងត្រែង បើករថយន្តស៊េរីទំនើបម៉ាក TUNDRA ចេញពីច្រៀងសប្បាយ នៅហាងខារ៉ាអូខេយីហោ «កាឡាក់ស៊ី» ក្នុងស្ថានភាពស្រវឹង បានរ៉េចង្កូតទៅបុកម៉ូតូ របស់ជនរងគ្រោះទាំង២នាក់ ដែលកំពុងឌុបគ្នា។
ភ្នាក់ងារ Fresh News ប្រចាំខេត្តស្ទឹងត្រែង បានរាយការណ៌នៅរសៀលថ្ងៃទី២៥ ខែមករា នេះថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចជិតខារ៉ាអូខេ «ឦសានមនោរម្យ» ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
មន្ត្រីនគរបាលចរាចណ៍ខេត្តបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍បង្កឡើង ដោយរថយន្តម៉ាកធុនត្រា (TUNDRA) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AD-6119 បើកបរដោយឈ្មោះឡោ លីផេង ភេទប្រុស អាយុ៤១ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតទឹកកក នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
ចំណែកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1A-5577 បើបរពីលិចមកកើត (ច្រាសទិស) បើកបរដោយឈ្មោះ ព្រហ្ម សំរិត ភេទប្រុស អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ មានមុខរបរជាមេភូមិ និងប្រពន្ធឈ្មោះ ពុធ កៃសន ភេទស្រី អាយុ៤៨ឆ្នាំ បានរងរបួសធ្ងន់ និងមានទីលំនៅភូមិថ្មី សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តទៀតថា សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ ម្ចាស់រថយន្តស៊េរីទំនើប បានចេញពីច្រៀងខារ៉ាអូខេ ក្នុងស្ថានភាពស្រវឹងជោក បើកបរក្នុងល្បឿនលឿន ខណៈជនរងគ្រោះ២នាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូច្រាសទិសគ្នា ក៏ត្រូវរថយន្តរ៉េចង្កូត បុកពេញទំហឹង បង្កឲ្យបុរសជាប្តី បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ រីឯប្រពន្ធបានរងរបួសធ្ងន់បាក់ឆ្អឹងជំនី បាក់ជើងឆ្វេង និងបាក់ដៃឆ្វេង ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ២១ យោធភូមិភាគទី១។ ភ្លាមនោះម្ចាស់រថយន្ត បានបើកយកទៅរក្សាទុក នៅក្នុងរោងសិប្បកម្មផលិតទឹកកក បាត់តែម្ដង៕
ក្រោយកើតហេតុគេបានឃើញ នគរបាលចរាចរណ៍ស្នងការដ្ឋាននគរបាលខេត្តចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវសាកសួរសាក្សីឃើញហេតុការណ៍ ទើបរករថយន្តបង្កបានបើករត់គេចយកទៅលាក់ទុកនៅកន្លែងសិប្បកម្មផលិតទឹកកក តែត្រូវបានសមត្ថកិច្ចតាមរកឃើញនាំយករថយន្តបង្ក និងម៉ូតូមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕