(ភ្នំពេញ)៖ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលលើការចូលរួមទប់ស្កាត់ និងការកាពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ដឹកនាំដោយ
លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល បានរៀបចំវេទិកាស្តីពី «តួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ» ជូនដល់បណ្តាអង្គការសង្គមស៊ីវិលនៃខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ និងធ្វើប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមទីសាធារណៈក្នុងខេត្តទាំង៣ ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃ១២ ខែសីហា ឆ្នាំ២០២០។
អង្គការសង្គមស៊ីវិលដែលបានចូលរួមក្នុងវេទិកានេះ បានបង្ហាញនូវអំណរសាទរ ក៏ដូចជាឆន្ទៈមោះមុតក្នុងការចូលរួមផ្សព្វផ្សាយបន្តទៅកាន់សហគមន៍និងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កើនការយល់ដឹងអំពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំរុញការលើកកម្ពស់ជីវភាពគ្រួសារ ដោយផ្អែកលើវិស័យកសិកម្ម ជាពិសេសគឺការលើកកម្ពស់ការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្មនៅតាមគ្រួសារ នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ។
ជាមួយគ្នានេះ វ.ស.ស. បានរៀបចំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមទីសាធារណៈជុំទី២ ដោយសហការជាមួយកងកម្លាំងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ និងអាជ្ញាធរបណ្តាខេត្តទាំង៣ខាងលើ ធ្វើប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគកូវីដ- ១៩ នៅលើទីតាំងមួយចំនួន ដូចជាមជ្ឈមណ្ឌលចត្តាឡីស័ក ផ្ទះគ្រូបង្រៀន ផ្សារ សួនកុមារជាដើម សរុបប្រមាណ ១០ទីតាំង ដោយមានផ្ទៃក្រឡាសរុបប្រមាណ ១៣៧,២៦៧ ម៉ែត្រក្រឡា និងផ្តល់ផលសម្រាប់អ្នកប្រើប្រាស់សរុបប្រមាណ ៨,៩៣១នាក់។
អង្គការសង្គមស៊ីវិលនៃខេត្តទាំង៣ បានសម្តែងនូវការគាំទ្រចំពោះការរៀបចំវេទិកានិងប្រតិបត្តិការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ដែលជាសកម្មភាពសំខាន់និងស្របតាមកាលៈទេសៈ ហើយ វ.ស.ស. គួរបន្តសកម្មភាពដ៏សំខាន់នេះឲ្យបាននៅគ្រប់រាជធានី-ខេត្ត៕