(ភ្នំពេញ)៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានទទូចទៅដល់គ្រប់ក្រសួងស្ថាប័នរបស់រដ្ឋ ក៏ដូចជាវិស័យឯកជនផងដែរ ឲ្យជួយផ្តល់ការងារជូនពិការ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគេ ក៏ដូចជាចូលរួមគោរព និងលើកកម្ពស់សិទ្ធិរបស់ជនពិការផងដែរ។
ការថ្លែងជំរុញរបស់លោក ឯម ច័ន្ទមករា បានធ្វើឡើងក្នុងឱកាសចូលរួមជាតំណាងលោក វង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន ក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការងារ និង មុខរបរសម្រាប់ជនពិការ» នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ។ សិក្ខាសាលាថ្នាក់ជាតិនេះ ត្រូវបានរៀបចំដោយអង្គការមូលនិធិកុមារពិការ សហការជាមួយអង្គការ Work Ability Asia អង្គការបេសកកម្មអភិវឌ្ឍន៍ជនពិការកម្ពុជា អង្គការបុគ្គលសាវន្តកម្ពុជា និងអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ។
លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈក្នុងការលើកកម្ពស់សិទ្ធិរបស់ជនពិការ ពិសេសយុវជនពិការ ក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការលើកកម្ពស់ កំណើនការងារ និង អាជីពសមស្រប ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ការរបស់ជនពិការ។ ក្នុងអត្ថន័យនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក៏ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការ បាននឹងកំពុងជំរុញការអនុវត្តការកំណត់អត្រានិងបែបបទ នៃការជ្រើសរើសជនពិការ ឲ្យចូលបម្រើការងារតាមក្រសួង ស្ថាប័ន ឲ្យគ្រប់តាមអត្រាកំណត់ ២% សម្រាប់ ក្រសួង ស្ថាប័នរដ្ឋ និង១%សម្រាប់វិស័យឯកជន។
ទន្ទឹមនិងនេះ ជនពិការគ-ថ្លង់ និងជនពិការភ្នែក ទទួលបានឱកាសក្នុងការសិក្សាអប់រំទាំងនៅសាលាអប់រំពិសេស និងសាលាសាធារណៈដោយមិនមានការរើសអើង។ អក្សរស្ទាប និង ភាសាសញ្ញា ក៏ត្រូវបានធ្វើការអភិវឌ្ឍដាក់បញ្ចូលទៅក្នុងកម្មវិធី សិក្សានៃវិស័យអប់រំ។ អគារសិក្សាមួយចំនួនបានរៀបចំឲ្យមានជំរាលសម្រាប់ សិស្សពិការទាំងនៅទីជនបទនិងនៅទីក្រុង ដែលជាការបង្ករលក្ខណៈងាយស្រួល ដល់សិស្សពិការទទួលបានការសិក្សាអប់រំ រហូតដល់កម្រិតឧត្តមសិក្សា និង មានជនពិការមួយចំនួនក្លាយជាបុគ្គលិកប្រកបដោយសមត្ថភាព។ យុវជនពិការ ក៏ត្រូវបានលើកទឹកចិត្តឲ្យទៅប្រកួតប្រជែងជាសកល ជាមួយយុវជនពិការ ក្នុងតំបន់និងក្នុងពិភពលោក ព្រមទាំងបាននាំមកនូវមេដាយ ដែលជាកិត្តិយស សម្រាប់ប្រទេសជាតិ និងសង្គមទាំងមូលទៀតផង។
លោក ឯម ច័ន្ទមករា បានថ្លែងជំរុញយ៉ាងដូច្នេះ «រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវ លើកទឹកចិត្តជនពិការដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឲ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការ ងារជាមន្ត្រី រាជការ កម្មករ និយោជិក កូនជាង ឬកម្មសិក្សាការីជាដើម និងត្រូវបន្តលើកទឹកចិត្ដឱ្យមានការចូលរួមពីផ្នែកឯកជន រោងចក្រ សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ក្នុងការជ្រើសរើសជនពិការ ដោយការភ្ញាក់ រលឹកអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងច្បាប់ ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ»។
លោក ឯម ច័ន្ទមករា ក៏បានរំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង ជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ តែងបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការបង្កលក្ខណៈងាយស្រួល ចេញចូលនៅទីកន្លែងសាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទដូចជា៖ ការរៀបចំ ចំណតយានយន្តពិសេសសម្រាប់ជនពិការ ការធ្វើជម្រាល ការបំពាក់ឧបករណ៍ ធ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាកសញ្ញានានានៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មជ្ឈមណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន ព្រមទាំងបង្កើនការយកចិត្តទុកដាក់គិតគូរអំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅរបស់ជនពិការឲ្យបានសមរម្យ ស្របតាម សេដ្ឋកិច្ចជាតិ និងត្រូវមានវិធានការណ៍ចាំបាច់នានា ដើម្បីបំផុសលើកទឹកចិត្ត ពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និង អង្គការសង្គមស៊ីវិលនានា ឲ្យចូលរួមឧបត្ថម្ភជនពិការ។
លោកអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានគូសបញ្ជាក់ផងដែរថា សុខុមាលភាពជនពិការត្រូវបានកែលម្អឲ្យប្រសើរឡើង ជាជំហានៗ ស្របតាមដំណើរការ នៃការអភិវឌ្ឍប្រទេសជាតិ។ ក្នុងជនពិការត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើសឲ្យចូលបម្រើការងារតាមក្រសួង ស្ថាប័នរដ្ឋ ចំនួន៤០៕