(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចររាចរណ៍ផ្លូវគោកខេត្តស្វាយរៀង បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ កំពុងក្លាយជាឃាតករសម្លាប់ជីវិតមនុស្ស នៅលើដងផ្លូវសាធារណៈច្រើនបំផុត និងបង្កឲ្យមានប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ដែលមាន មនុស្សជាច្រើននាក់ស្លាប់ និងច្រើនពាន់អ្នកផ្សេងទៀតរងរបួស ធ្ងន់ ស្រាល ធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិការាប់រយលានដុល្លារក្នុងមួយឆ្នាំ។
លោក ម៉ែន វិបុល បានថ្លែងបែបនេះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំសមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចុះណែនាំអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ អ្នកបើកបររថយន្ត មិនពាក់ខ្សែក្រវ៉ាត់ គំនូសសញ្ញាឈប់ ទៅមុខនៅពេលភ្លើងសញ្ញាអាទិភាព ដែលប្រារព្ធធ្វើនៅទីតាំង៣កន្លែងរួមមាន៖ ចំណុចរង្វង់មូលផ្លូវហាយវ៉េ, ភ្លើងស្តុបសួនតាឌី និងកែងផ្ទះសំណាក់សមាគមន៍នារី។
លោក ម៉ែន វិបុល បានបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបង្កនូវផលលំបាកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិ ដោយបានបំផ្លាញទាំងទ្រព្យសម្បត្តិ ទាំងអាយុជីវិតមនុស្ស និងបន្សល់ទុកនូវជនរងគ្រោះ ជនពិការ ក្មេងកំព្រា ស្ត្រីម៉េម៉ាយ គ្រួសារក្រីក្រ។ បញ្ហាទាំងនេះបានទទួលការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការបង្កើតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រព័ន្ធព័ត៍មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គោលនយោបាយ និងផែនការសកម្មភាពជាតិទស្សវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ។
ការផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាទាំងអ្នកបើកបរ និងអ្នករួមដំណើពីក្រោយ គ្រប់ពេលវេលាដែលធ្វើចរាចរណ៍តាមដងផ្លូវតាមរយៈម៉ូតូ ដើម្បីធានាសុវត្ថិភាព កុំឲ្យមានរបួសក្បាលបណ្តាលឲ្យស្លាប់បើគ្មានមួកសុវត្ថិភាព កុំបើកបរ និងជិះពីក្រោយ។ ទន្ទឹមនោះត្រូវគោរពច្បាប់ចរាចរណ៏ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងត្រូវបំពេញលក្ខខណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើងសញ្ញាបត់ ។
លោកបានបន្តទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននឹងជំរុញឲ្យមានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះសហការជាមួយមន្ត្រីចរាចរផ្លូវគោក នៅតាមចំណុចគោលដៅ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការណែនាំឲ្យអ្នកបើកបរទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់ សុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
សូមបញ្ជាក់ថា ក្រុមការងារបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រោមប្រធានបទ ការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងផ្លាកសញ្ញាចរាចរណ៍ ការឆ្លើយសំណួរយករង្វាន់ មួកសុវត្ថិភាព អាវយឺតជាដើម។ ក្នុងយុទ្ធនាការនេះសាខាបានចែកមួកសុវត្ថិភាពចំនួន ១១០មួក អាវយឺត ១៨០អាវ ខិតប័ណ្ណផ្សព្វផ្សាយ ៥០០សន្លឹក ដោយមានអ្នកចូលរួមផ្សព្វផ្សាយ និងឆ្លើយសំណួរសរុប ២៩៣នាក់៕