(កំពង់ស្ពឺ)៖ កម្លាំងការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនស្ដ្រីរូបស្រស់ម្នាក់ រកស៊ីជួញដូរគ្រឿងញៀន នៅចំណុចមុខភោជនីយដ្ឋានមួយកន្លែង ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រតិបត្ដិការចុះបង្ក្រាបគ្រឿងញៀននេះ ដឹកនាំការបង្ក្រាបដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ក្រោមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួល ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ជ្រឿង ហេង ភេទស្រី អាយុ២៤ឆ្នាំ ដែលមានឈ្មោះ សាន ភេទប្រុស រស់នៅទីលំនៅខេត្តកំពត ជាមេក្លោង និងជាអ្នកបញ្ជាឲ្យយកសារធាតុញៀនមកជួញដូរបន្ត។
ជនសង្ស័យ ជ្រឿង ហេង បានសារភាពថា ខ្លួនពុំចេះប្រើប្រាស់គ្រឿងញៀនទេ ហើយខ្លួនបានទំនាក់ទំនងជាមួយឈ្មោះ សាន ជាអ្នករកស៊ីជួញដូរគ្រឿងញៀន ហើយស្នាក់នៅបន្ទប់ជាមួយគ្នា ហើយឈ្មោះ សាន បានប្រើខ្លួនឲ្យយកគ្រឿងញៀនប្រភេទទឹកកក (ICE) ទៅឲ្យម៉ូយ។
ក្នុងប្រតិបត្ដិការខាងលើនេះ កម្លាំងការិយាល័យប្រឆាំង ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់២៨៤.៥៧ក្រាម និងទូរស័ព្ទដៃមួយគ្រឿង។
សូមជម្រាបថា នៅរយៈពេល២សប្តាហ៍កន្លងមកនេះ លោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) បានខិតខំស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ ដោយរឹបអូសគ្រឿងញៀនបានជិត៣គីឡូក្រាម និងបញ្ជូនជនសង្ស័យទៅអនុវត្តន៍ច្បាប់ផងដែរ៕