(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញផលិតនូវខិត្តប័ណ្ណ ដើម្បីពន្យល់ប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ឲ្យចេញបង្ការការពារខ្លួន ពីការចម្លងជំងឺកូវីដ១៩ ពេលធ្វើដំណើរ ពិសេសនៅថ្ងៃដែលឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០។
ខាងក្រោមនេះ គឺជាវិធានការណ៍បង្ការការចម្លងជំងឺកូវីដ១៩ ពេលធ្វើដំណើរ៖
* ទី១៖ ជៀសវាងធ្វើដំណើរ ឬផ្អាក ប្រសិនបើគ្រុនក្ដៅ និងក្អក
* ទី២៖ ប្រសិនមានគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរក ការព្យាបាលជាបន្ទាន់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរ របស់អ្នកដល់គ្រូពេទ្យ
* ទី៣៖ ប្រសិនអ្នកចាប់ផ្តើមឈឺ ពេលកំពុងធ្វើដំណើរ ត្រូវប្រាប់អ្នកបម្រើលើយន្តហោះ និងស្វែងរកការព្យាបាលឲ្យបានឆាប់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់គ្រូពេទ្យ
* ទី៤៖ លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬអាកុល ហ្សែល និងជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
* ទី៥៖ នៅពេលក្អក ឬកណ្ដាស់ ត្រូវខ្ទប់មាត់ និងច្រមុះអ្នក ដោយប្រើកែងដៃ ឬ ក្រដាស រួចបោះចោលក្នុងធុងសំរាមបិទជិតភ្លាម និងលាងដៃរបស់អ្នក
* ទី៦៖ ប្រសិនអ្នកពាក់ម៉ាស់ ត្រូវប្រាកដថាពាក់គ្របលើមាត់ និង ច្រមុះ ប៉ុន្តែជៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្រៅនៅពេលកំពុង ពាក់ និងពេលដោះ
* ទី៧៖ ត្រូវបោះចោលក្នុងធុងសំរាមបិទជិតភ្លាម នូវម៉ាស់ដែលបានប្រើរួច និងលាងដៃឲ្យស្អាតបន្ទាប់ពីដោះម៉ាស់
* ទី៨៖ បរិភោគតែអាហារណាដែលឆ្អិនល្អ
* ទី៩៖ ជៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជា គ្រុនក្តៅ ក្អក កណ្ដាស់ ឬ ផ្តាសាយ
* ទី១០៖ មិនត្រូវខាកស្តោះនៅទីសាធារណៈ
* ទី១១៖ ជៀសវាងការប៉ះពាល់ និងធ្វើដំណើរជាមួយសត្វដែលឈឺ៕