(ភ្នំពេញ)៖ ក្នុងសន្និសីទសារស្តីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានពន្យល់ពីកត្តាមួយចំនួន ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុក្នុងពិភពលោក និងផលប៉ះពាល់មកលើប្រទេសកម្ពុជា។
លោក នេត្រ ភក្ត្រា បានលើកឡើងថា បញ្ហាប្រែប្រួលអាកាសធាតុ គឺជាក្តីកង្វល់មួយរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ លោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មិនមែនជាប្រទេសដែលបង្កឱ្យមានការបម្រែបម្រួលអាកាសធាតុនោះទេ ក៏ប៉ុន្តែ កម្ពុជា ជាប្រទេសដែលទទួលរងផលប៉ះពាល់ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែងការប្រែប្រួលអាកាសធាតុនេះ នៅតាមតំបន់ខ្លះនៅក្នុងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ខ្លាំង ចំណែកតំបន់ខ្លះការគ្រោះរាំងស្ងួត ព្រមទាំងតំបន់ខ្លះបាតុភាពផ្សេងៗទៀត ដែលបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន មកលើប្រទេសកម្ពុជា។
ចំពោះផលប៉ះពាល់ដែលបង្កឡើងដោយការបម្រែបម្រួលអាកាសធាតុនេះដែរ លោកអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា ផលប៉ះពាល់ដែលសំខានមកលើប្រទេសកម្ពុជា គឺជាវិស័យទឹក និងវិស័យជលផល ទាំងនេះបានប៉ះពាល់យ៉ាងសំខានទៅវិស័យកសិកម្មតែម្តង។ លោកថាបើក្រឡេកទៅមើលផលប៉ះពាល់នៅក្នុងតំបន់វិញ ការបម្រែបម្រួលអាកាសធាតុបានបង្កផលប៉ះពាល់ដល់តំបន់ទន្លេមេគង្គទាំងមូល។
បើតាមលោក នេត្រ ភក្ត្រា បានបន្ថែមថា ការប្រែប្រួលអាកាសធាតុបង្កមកពីកត្តា២យ៉ាងដែលសំខាន់ គឺទី១៖ កត្តាធម្មជាតិ និងទី២៖ កត្តាមនុស្ស។ បើតាមការវាយតម្លៃ កត្តាមនុស្ស ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុខ្លាំងជាងគេ ដែលជាហេតុនាំឱ្យមានការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើសេដ្ឋកិច្ច សង្គម រួមនឹងវិធានការជាក់ស្តែងដែលក្រសួងបរិស្ថានបាន និងកំពុងអនុវត្ត។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយធម្មជាតិ បានបង្កផលប៉ះពាល់រួមមានទី១៖ ទៅលើទិន្នផលកសិកម្ម, វារីវប្បកម្ម និងសត្វចិញ្ចឹមដែលធ្វើឱ្យមានការថយចុះ កត្តាទឹក និងកត្តាជំងឺជាដើម, ទី២៖ ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលពឹងផ្អែកទៅលរបរកសិកម្ម, ទី៣៖ គឺផលប៉ះពាល់ទៅលើធនធាន និងភាពធុញទ្រាន់របស់ប្រជាពលរដ្ឋ នៅតាមទីជនបទនៅមានកម្រិតដែលធ្វើឱ្យមានការចំណាយច្រើន, ទី៤៖ គឺប៉ះពាល់ទៅដល់សុវត្ថិភាពស្បៀងអាហារ និងទឹក, ទី៥៖ គឺជំរុញឱ្យមានការចំណាកស្រុក ដើម្បីរកការងារធ្វើដោយសារតែកត្តារាំងស្ងួត ដែលធ្វើឱ្យពិបាកក្នុងការបង្កបង្កើតផល, ទី៦៖ ធ្វើឱ្យប៉ពាល់ដល់សុខភាពសាធារណៈ, ទី៧៖ គឺការផ្លាស់ប្តូររបបបង្ហូរទឹកទន្លេ និងការចាក់បំពេញទឹកនៅក្រោមដី, ទី៨៖ ការបាត់បង់ធនធានជីវៈចម្រុះដែលបណ្តាលមកពីកំណើននៃមរណភាព និងការបាត់បង់ពូជសត្វ រុក្ខជាតិ ជាពិសេសប្រភេទដែលពឹងផ្អែកទៅលើដីសើម សម្រាប់ការចិញ្ចឹមជីវីតដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ទៅនឹងប្រព័ន្ធអេកូឡូស៊ី, ទី៩៖ ការជ្រៀបចូលដោយជាតិប្រៃនៅតាមតំបន់មួយចំនួនជាប់តំបន់ឆ្នេរសមុទ្រ ព្រោះនៅពេលដែលមានអាកាសធាតុប្រែប្រួល គឺលំហួតទឹកសើបឡើងហើយនឹងធ្វើឱ្យមានកំណើននីវ់ូទឹកសមុទ្រ ដែលធ្វើឱ្យទឹកប្រៃហូរចូលក្នុងតំបន់ទឹកសាប ជាចំណុចដែលធ្វើឱ្យមានផលប៉ះពាល់ដល់គុណភាពដី, ទី១០៖ បង្កឱ្យមានលក្ខណៈងាយស្រួលឱ្យកើតមានភ្លើងឆេះព្រៃ ដូចជាបាតុភូត «អែលនីញ៉ូ» ដែលមានកំដៅក្តៅដែលធ្វើឱ្យរុក្ខជាតិមានកម្រិតស្ងួតខ្ពស់ដែលធ្វើឱ្យងាយនឹងរងគ្រោះដោយភ្លើងឆេះព្រៃជាដើម, ទី១១៖ អាចបង្កជាជម្លោះដោយសារតែមានការដណ្តើមទឹក និងទី១២៖ គឺការខ្វះថាមពលចំពោះបណ្តាប្រទេសមួយចំនួន ដែលប្រើប្រាស់ទំនប់វារីអគ្គីសនី ដែលជាប្រភពនៃចរន្តទឹក ។ ការប្រែប្រួលអាកាសធាតុនេះ វាបានធ្វើឱ្យមានផលប៉ះពាល់ទៅដល់សង្គមជាតិកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា កត្តាមនុស្ស គឺការប្រែប្រួលអាកាសធាតុបណ្តាលមកពីសកម្មភាពមនុស្សកើតមានឡើងចាប់ពីការរីកចម្រើន នៃបដិវត្តឧស្សាហកម្ម ក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៨០០ ដែលកត្តានេះបណ្តាលមកពីការកើនឡើងនៃការដុតប្រេងឥន្ធនៈផូស៊ីល (ការបញ្ចេញឧស្ម័នកាបូនិច)។ ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩៣០ និង១៩៦០ អ្នកវិទ្យាសាស្ត្របានបង្ហាញនូវលទ្ធផលនៃការសិក្សាស្រាវកាន់តែច្បាស់ និង អាចជឿជាក់បានគឺការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងឡើងៗដោយសារសកម្មភាពមនុស្សដែលទាមទារឱ្យពិភពលោកចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាសកលនេះ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា កម្ពុជាត្រូវបានចាត់ក្នុងលំដាប់ទី១៣ នៅក្នុងសន្ទស្សន៍ហានិភ័យអាកាសធាតុពិភពលោក (១៩៩៥-២០១៥) និងលំដាប់ទី៨ ក្នុងសន្ទស្សន៍ហានិភ័យពិភពលោក (២០១៦) ក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតលើពិភពលោក។ នៅឆ្នាំ២០១៩នេះ យើងទាំងអស់គ្នាបានប្រឈមរលកកម្តៅខ្ពស់បំផុតមួយ ដែលបានបង្ខំឱ្យយើងត្រូវកែតម្រូវម៉ោងសិក្សារបស់សិស្សានុសិស្ស ជាពិសេសកុមារតូចៗ ដែលជាជនងាយរងគ្រោះបំផុតពីឥទ្ធិពលនៃរលកកម្តៅនេះ។ ជាក់ស្តែងនៅប្រទេសកម្ពុជា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសកម្មភាពកសិកម្មដែលពឹងផ្អែកលើទឹកភ្លៀងគឺជាប្រការគួរឱ្យព្រួយបារម្ភ ពីព្រោះរបរចិញ្ចឹមជីវិតតាមបែបនេះនឹងអាចងាយរងគ្រោះខ្លាំងដោយសារកត្តាអាកាសធាតុ។ ការបាត់បង់ផលស្រូវនៅកម្ពុជា៧០% ដោយសារទឹកជំនន់ និង២០% ដោយសារភាពរាំងស្ងួត។
លោកបានបញ្ជាក់បន្ថែមថា តាមការសិក្សានៅឆ្នាំ ២០១៩ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសិក្សាស្រាវជ្រាវរយៈពេល២ឆ្នាំ អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះសេដ្ឋកិច្ចកម្ពុជារហូតដល់ឆ្នាំ២០៥០ ហើយដែលលទ្ធផលនៃការសិក្សានេះ គឺ «របាយការណ៍ស្តីពី ដំណោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។ លទ្ធផលនៃការសិក្សាបានបង្ហាញថា «នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើយើងមិនបន្ថែមការវិនិយោគលើការបន្ស៊ាំទេ នោះការប្រែប្រួលអាកាសធាតុនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចប្រមាណជា១០% នៃផលិតផលក្នុងស្រុកសរុប (GDP) បណ្តាល មកពីការធ្លាក់ចុះនៃផលិតភាពពលកម្មរបស់កម្មករដោយសារតែកំណើនសីតុណ្ហភាពខ្ពស់ ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដោយសារតែព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការបាត់បង់ទិន្នផលដំណាំកសិកម្ម»៕