(ភ្នំពេញ)៖ លោក សាយ សារុន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក សុខ ឃាង អាយុ៥៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ៤៥E2 ផ្លូវលេខ៤៣២ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។ នេះបើយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។
ការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើឡើងក្រោយលោក សុខ ឃាង មិនបានបំពេញកាតព្វកិច្ច តាមរយៈលិខិតប្រគល់សិទ្ធិ និងទទួលសិទ្ធិ ពីលោក គិន សាវុធ អាយុ៤៨ឆ្នាំ ដែលប្រគល់សិទ្ធិដល់លោក សុខ ឃាង គ្រប់គ្រាន់ក្នុងការចុះកិច្ចសន្យាលក់ទិញ និងផ្ទេរសិទ្ធិជូនអ្នកទិញ ហើយថែមទាំងធ្វើការទំនាក់ទំនងស្វែងរកដៃគូរអ្នកទិញ លក់ដី ដែលមានទំហំ ១០៣,១៤៩ម៉ែត្រការ៉េ (អតីតដីមន្ទីរកសិកម្មខេត្ត ដែលរាជរដ្ឋាភិបាលដកហូតជាកម្មសិទ្ធិរបស់រដ្ឋវិញ) ស្ថិតនៅផ្លូវភូមិចំការដូង សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ៕