(ភ្នំពេញ)៖ លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការជិតស្និទ្ធជាមួយប្រទេសកម្ពុជា សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បាននិយាយបែបនេះ នៅក្នុងសន្និសីទកាសែត មួយនៅឯសណ្ឋាគាររ៉ាហ្វល់រ៉ូយ៉ាល់ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ។
លោក John Kerry បាននិយាយថា «ប្រទេសកម្ពុជា បាននឹងកំពុងរៀបចំខ្លួនសម្រាប់ការបោះឆ្នោត នៅឆ្នាំក្រោយ និងនៅឆ្នាំ២០១៨ វាជាការចាំបាច់ឲ្យមានបរិយាកាសសន្តិភាព។ យើងនឹងធ្វើការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍកម្មវិធីនេះ និងធ្វើឲ្យប្រសើរឡើងនៅវិស័យសុខាភិបាល ស្បៀងអាហារ»។
លោក John Kerry បានមកធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដែលលោកបានមកដល់ កាលពីយប់ម្សិលមិញ។ គោលដៅរបស់លោកពេលនេះ គឺដើម្បីពិភាក្សាពីការរៀបចំជាមុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅ Sunnylands ក្នុងរដ្ឋកាលីហ្វនីញ៉ា នៅខែក្រោយនេះ ដែលនៅទីនោះ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំអាស៊ាន៕