(ភ្នំពេញ)៖ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីបំភ្លឺមួយ ពាក់ព័ន្ធករណីអំពើហិង្សាដែលបង្កដោយ លោកឧត្តមសេនីយ៍ត្រី ជិន សាមីឌី អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅចំណុចអាហារដ្ឋានយីហោ «វិមានព្រិល» ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសេចក្ដីបំភ្លឺនេះបញ្ជាក់ថា នៅចំពោះមុខក្រុមប្រឹក្សាវិន័យ លោកឧត្តមសេនីយ៍ត្រី ជិន សាមីឌី បានសារភាពទទួលស្គាល់កំហុសពិតជាបានឈ្លោះប្រកែកគ្នា ដោយពាក្យសម្ដីជាមួយមិត្តភ័ក្រអំឡុងពេលហូបចុកនោះពិតប្រាកដមែន ប៉ុន្ដែពុំបានប្រើអាវុធបាញ់គំរាម ឬបង្ករបួសស្នាមដល់ម្ចាស់ហាង វិមានព្រិលនោះទេ។
នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានអះអាងទៀតថា រឿងហេតុទាំងអស់នេះ ភាគីពាក់ព័ន្ធបានព្រមព្រៀងគ្នាដោយជ្រើសយកការផ្សះផ្សាបញ្ចប់រឿង នៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរួចរាល់ផងដែរ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី ជិន សាមីឌី ត្រូវបាននាយកដ្ឋានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បែបនេះបន្ដទៀត និងធ្វើកំណត់ហេតុដកហូតអាវុធ ព្រមទាំងអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ៕