(កំពង់ឆ្នាំង)៖ នៅក្នុងពិធីសំណេះសំណាល រវាងស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជាមួយនឹងក្រុមអ្នកសារព័ត៌មានខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា រវាងអ្នកសារព័ត៌មាន និងកងកម្លាំងនគរបាល ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ និងរួមគ្នាជួយដល់សង្គមជាតិព្រោះថា អង្គភាពទាំងពីរនេះក៏ជាសេនាធិការរបស់រាជរដ្ឋាភិបាលដូចគ្នា។
នៅក្នុងពិធីសំណេះសំណាលជាមួយនឹងក្រុមអ្នកសារព័ត៌មានខេត្តជាង ៣០នាក់ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ខូវ លី បានបន្តថា ការជួបជុំអ្នកសារព័ត៌មាន នៅពេលនេះ គឺចង់បង្កើតឲ្យមានភាពស្និទ្ធស្នាលរវាងអ្នកសារព័ត៌មានជាមួយកងកម្លាំងនគរបាលក្នុងការរួមគ្នាទប់ស្កាត់នូវបទល្មើសនានាមានដូចជា ចរាចរណ៍ គ្រឿងញៀន និងបទល្មើសផ្សេងៗ ការផ្សព្វផ្សាយព័ត៌មានរបស់បងប្អូនជាអ្នកសារព័ត៌មាន ក៏ដើម្បីជួយដល់សង្គមជាតិផងដែរ។
លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានលើកសរសើរថា រយៈការកន្លងមកអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំង ក៏បានជួយប្រឹងប្រែងធ្វើការផ្សព្វផ្សាយនូវស្នាដៃរបស់កង កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ដែលបានអនុវត្តច្បាប់កន្លងមក។ ជាមួយគ្នានោះ លោកក៏បានសំណូមពរដល់អ្នកសារព័ត៌មាន សូមសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងមានកិត្តិយស ជៀសវាងការសរសេរប្រាស់ចាកពីវិជ្ជាជីវៈ និងក្រមសីលធម៌ដែលនាំមកនូវបញ្ហាដល់ខ្លួន។
ក្រុមអ្នកសារព័ត៌មាន ក៏បានស្នើសុំឱ្យលោកឧត្តមសេនីយ៍ទោ ខូវ លី បង្កើនការសហការជាមួយអ្នកសារព័ត៌មាន ទាក់ទងទៅនឹងព័ត៌មានទាំងឡាយណា ដែលអាចផ្សព្វផ្សាយបានសូមផ្ដល់មក ក្រុមអ្នកសារព័ត៌មាន និងធ្វើការផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលផ្សេងៗដែលកងកម្លាំងបានខិតខំអនុវត្ត។
ក្នុងឱកាសនោះដែរលោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក៏បានសំណូមពរដល់ក្រុមអ្នកសារព័ត៌មានត្រូវមានភាពសាមគ្គីគ្នា កុំគិតថាសារព័ត៌មានតូចឬធំ នឹងត្រូវសរសេ ប្រកបដោយវិជ្ជាជីវៈក្រមសីលធម៌ ទើបមិនប្រឈមចំពោះមុខច្បាប់។ សម្រាប់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ឃើញមានអ្នកសារព័ត៌មានចេះសាមគ្គីគ្នាទៅវិញ ទៅមកដើម្បីពីគ្រោះយោបល់ ព្រោះថាបើយើងនៅឯកឯង អាចនឹងមានគ្រោះថ្នាក់ដោយគ្មានការពិភាក្សាគ្នារកចំណុចខ្សោយ និងចំណុចខ្លាំងនោះឡើយ។
លោក ហ៊ឹង ចូច ក៏បានគាំទ្រនូវការបង្កើតសមាគមអ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីជាការរឹតចំណងសាមគ្គីក៏ដូចជា បង្កើតភាពស្និតស្នាលពិសេសជួយដោះស្រាយគ្នា រាល់ពេលជួបបញ្ហាពាក់ព័ន្ធទៅនឹងការចុះផ្សាយព័ត៌មាន ដោយជួបកំហុសឆ្គងក្នុងវិជ្ជាជីវៈ ត្រូវតែរួមគ្នាដោះស្រាយប្រកបទៅដោយគតិយុត្ត៕