(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹងនៅគ្រប់ខណ្ឌទូទាំងរាជធានី ឃាត់ខ្លួនបានមនុស្សចំនួន ១០នាក់ រថយន្ត ៤គ្រឿង និងម៉ូតូ ៦គ្រឿង។ មិនខុសគ្នា នឹងយប់ថ្ងៃទី២៥ ខែមករានោះទេ កម្លាំងសមត្ថកិច្ចបានឃាត់ និងតម្រូវឲ្យតម្កល់ប្រាក់កក់ផាកពិន័យ ១០០០ដុល្លារ សម្រាប់រថយន្ត និង ២០០ដុល្លារសម្រាប់ម៉ូតូ ថែមទាំងត្រៀមបញ្ជូនទៅកាន់តុលាការនៅស្អែកផងដែរ។ អ្នកទាំង៣០នាក់ ដែលត្រូវបានឃាត់ខ្លួននោះ គឺលើសជាតិស្រវឹងរហូតដល់ ០.៦០មីលីក្រាម។ នេះបើយោងតាមរបាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃអង្គារនេះ។
យោងតាមរបាយការណ៍ដដែលបានបង្ហាញទៀតថា នៅយប់ថ្ងៃទី២៦ ខែមករានេះ កម្លាំងរបស់លោក និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងដាក់ ៥គោលដៅទៀត ដើម្បីត្រៀមត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹងនៅគ្រប់ខណ្ឌទូទាំងរាជធានីភ្នំពេញ។
សូមរំលឹកថា ក្នុងការត្រួតពិនិត្យប្រសិនបើបងប្អូនណាដែល កំលាំងសម្ថកិច្ចត្រួតពិនិត្យរកឃើញថា មានកំរិតផ្ទុកជាតិអាកុលចាប់ពី ០.៤០មីលីក្រាម ក្នុង១លីត្រខ្យល់ឡើងទៅ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី ១ខែដល់៦ខែ និងត្រូវពិន័យជាប្រាក់ថែមទៀត៕