(ភ្នំពេញ)៖ បញ្ហាព្រំដែនខ្មែរ ជាមួយប្រទេសជិតខាងរួមមានជាមួយ វៀតណាម ថៃ និងឡាវ មិនមែនជារឿងថ្មីទើបកើតទេ ហើយក៏មិនមែនជារឿងចម្លែកដែរ ដែលក្រុមអ្នកនយោបាយប្រឆាំងផ្កាប់ (ប្រឆាំងខ្វាក់ខួរក្បាល) លើកយកបញ្ហានេះមកធ្វើជាប្រធានបទបញ្ឆេះកំហឹងពលរដ្ឋ ក្នុងបំណងទាញស្ថានការឲ្យវឹកវរ ច្របូកច្របល់ ចលាចល កើតឡើងក្នុងប្រទេស រួចទាញទម្លាក់ប្រទេសជាតិឲ្យធ្លាក់ចូលផ្លូវអស្ថេរភាព អសន្តិសុខ និងអសន្តិភាព ដើម្បីពួកគេមានឱកាសហក់ចូលមកដឹកនាំធ្វើបាតុកម្មទម្លាក់រដ្ឋាភិបាលស្របច្បាប់ ។

បំណងពិតរបស់ពួកប្រឆាំងផ្កាប់មុខនេះ គឺបញ្ឆេះឲ្យមានអណ្តាតភ្លើងកំហឹងពលរដ្ឋកើតឆេះឡើងចេញជាចលនាបាតុកម្មឲ្យរីកធំឡើងៗ រួចពួកគេហក់ចេញមកកាន់ក្បាលមេក្រូដឹកនាំបាតុកម្មនេះ ទាមទារទម្លាក់រដ្ឋាភិបាលស្របច្បាប់ ។ ពួកប្រឆាំងដែលផ្កាប់មុខ ផ្កាប់ខួរក្បាលជាមួយនឹង សម រង្ស៊ី នោះគឺអស់ឱកាសវិលត្រឡប់ចូលប្រទេសវិញ ដើម្បីបង្កើតគណបក្សនយោបាយស្របច្បាប់ប្រកួតប្រជែងនយោបាយស្របច្បាប់តាមរយៈការបោះឆ្នោតទៀតហើយ ។ ដូចនេះពួកនេះ មានតែខំប្រើប្រាស់សកម្មជនផ្កាប់មុខងុបងល់ដែលនៅសេសសល់មួយដំបរស្វានោះ ឲ្យខំឆ្កឹះឆ្កៀល បង្កើតព្រឹត្តិការណ៍ចលាចលតែប៉ុណ្ណោះដើម្បីឲ្យគេចាប់អារម្មណ៍ លើក្រុមខ្លួន តាមរយៈការប្រើសំដីសំអុយការដឹកនាំ និងបំភ្លៃការពិតនៃការស្វែងរកដំណោះស្រាយរបស់រដ្ឋាភិបាលដែលកំពុងខិតខំធ្វើនិងដោះស្រាយបញ្ហាព្រំដែននាពេលនេះ ។

យើងពិតជាទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រថា ប្រទេសជិតខាងខ្មែរទាំងបីប្រទេសនេះ គឺពិតជាមានប្រវត្តិឈ្លានពាន រំលោភអធិបតេយ្យភាព បូរណៈភាពទឹកដីខ្មែរពិតប្រាកដមែន ។ តែការពិតមួយទៀតដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ខិតខំចរចាដោះស្រាយបញ្ចប់បញ្ហាជំលោះព្រំដែនខ្មែរ ជាមួយនឹងប្រទេសជិតខាង ដើម្បីឈានទៅបញ្ចប់ការឈ្លានពានទាំងស្រុង ហើយដើម្បីឲ្យមានបង្គោលព្រំដែនប្រទេសច្បាស់លាស់នោះ ក៏យើងមិនត្រូវមើលរំលង រួចនាំគ្នាបង្កើតព្រឹត្តិការណ៍បំភ្លៃការពិតនោះដែរ ។

ការចរចាបញ្ហាព្រំដែន ស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាជំលោះព្រំដែន ដើម្បីឈានទៅដល់ការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងខ្មែរឲ្យបាន ១០០% គឺជានយោបាយដ៏មានប្រសិទ្ធិភាពតែមួយគត់ និងគឺជាវីរៈភាពដឹកនាំដ៏ឆ្លាតវៃរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីឈានទៅដល់ការបញ្ចប់នូវការឈ្លានពានបូរណៈភាពទឹកដីទាំងស្រុងពីសំណាក់ប្រទេសជិតខាង មកលើអធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់ខ្មែរ ។

ដោយឆ្លងកាត់ប្រវត្តិសាស្ត្រឈ្លានពាន ប្រវត្តិសាស្ត្រអាណានិគម និងប្រវត្តិសាស្ត្រសង្គ្រាមស៊ីវិលឈ្លោះបែកបាក់ផ្ទៃក្នុងកន្លងមក ប្រទេសយើងគ្មានបង្គោលព្រំដែនជាក់លាក់ជាមួយប្រទេសជិតខាងទេ ក្រៅពីបង្គោលខ្លះដែលបន្សល់ពីរបបអាណានិគមបារាំង និងខ្សែបន្ទាត់ព្រំដែនតាមមាត់របស់ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន និងឬក៏តាមរយៈកម្លាំងឈរជើងរបស់កងទ័ពដែលយើងអាចឈរជើងបាន ។ សំណួរសួរថា៖ តើពួកប្រឆាំងផ្កាប់មុខអស់នោះ មិនចង់ឲ្យប្រទេសជាតិ មានបង្គោលព្រំដែនជាក់លាក់ ដើម្បីធានាអធិតេយ្យភាព និងបូរណៈភាពទឹកដីខ្មែរទេអី ? ហើយបើធៀបខ្លួនជាម្ចាស់ដីមួយឡូត៌ក្នុងភូមិវិញនោះ តើខ្លួនមិនចង់មានរបងព្រំប្រទល់ឲ្យវាច្បាស់លាស់ជាមួយ អ្នកភូមិជិតខាងទេអី ? ឬពួកគេចង់ឲ្យអត់មានបង្គោលព្រំដែនរហូត ដើម្បីបង្កភាពងាយស្រួលឲ្យប្រទេសជិតខាងខ្មែរ ងាយស្រួលបន្តមហិច្ឆតារំកិល រំលោភ ឈ្លានពានយកដីខ្មែរជារៀងរហូត ?

ជារូបភាពសំបកក្រៅ មើលការតវ៉ាប្រឆាំងការបោះបង្គោលព្រំដែន ដែលពួកប្រឆាំងផ្កាប់មុខនេះធ្វើថា ជាការខិតខំការពារដីខ្មែរ ! តែការពិតវិញគឺពួកនេះកំពុងបម្រើមហិច្ឆតាប្រទេសវៀតណាម និងប្រទេសជិតខាងខ្មែរ ដោយធ្វើយ៉ាងណាកុំឲ្យខ្មែរ មានបង្គោលព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ ដើម្បីងាយស្រួលឲ្យ វៀតណាម ថៃ និងឡាវ អាចបន្តការរំលោភឈ្លានពាន យកដីខ្មែរ ដូចពួកគេបានធ្វើក្នុងប្រវត្តិសាស្ត្រកន្លងមកតទៅទៀត ។

ជាភាពឆ្លាតវៃនៃការដឹកនាំ បើយើងខ្សោយជាងគេ គឺយើងធ្វើយ៉ាងណាចរចាដោះស្រាយឲ្យគេព្រមទទួលស្គាល់ព្រំដីរបស់យើង ហើយយើងបានបោះបង្គោលព្រំដីរបស់យើងឲ្យជាក់លាក់ពិតប្រាកដ ការពារទុកឲ្យអ្នកជំនាន់ក្រោយ។ ពោលគឺមិនមែនចេះតែស្រែក ចេះតែឈ្លោះ ចេះតែវ៉ៃគ្នា បង្កជំលោះ ហើយបន្តការរស់នៅគ្មានបង្គោលព្រំដីរហូតនោះទេ។ មានតែពួកអ្នកធ្វើនយោបាយបម្រើមហិច្ឆតារបស់ពួកឈ្លានពានប៉ុណ្ណោះ ដែលប្រឆាំងតវ៉ា មិនចង់ឲ្យមានបង្គោលព្រំដី ព្រំដែនច្បាស់លាស់ ដើម្បីងាយស្រួលឲ្យពួកឈ្លានពាន បន្តរំលោភឈ្លានពានតទៅទៀត។

ដូច្នោះនយោបាយដឹកនាំ និងការឆន្ទៈរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងជាមគុទ្ទេសក៏សន្តិភាពនៃកម្ពុជា ដែលខិតខំចរចាដោះស្រាយ និងជំរុញឲ្យមានការបោះបង្គោលព្រំដែន ដើម្បីបានទទួលស្គាល់ព្រំដែនខ្មែរជាមួយប្រទេសជិតខាងជាលក្ខណៈអន្តរជាតិ គឺជាមធ្យោបាយ និងជានយោបាយតែមួយគត់ ដើម្បីការពារអធិបតេយ្យភាព និងបូរណៈភាព ទឹកដីខ្មែរកុំឲ្យបាត់បង់ និងកុំឲ្យមានការឈ្លានពានតទៅទៀត៕

ដោយ៖ សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ