(ព្រះសីហនុ)៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨៖៣០នាទី ស្ថិតនៅចន្លោះគីឡូម៉ែត្រ ២១១-២១២ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ត FUSO មួយដាច់ហ្រ្វាំង ជ្រុលបុករថយន្ត៣គ្រឿង ខណៈរថយន្តកុងតឺន័រជ្រុលចង្កូតបុករះម៉ូតូ៤គ្រឿង នៅលើបណ្តោយផ្លូវជាតិលេខ៤។

តាមរបាយការណ៍សមត្ថកិច្ចបានរៀបរាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ត០១គ្រឿងម៉ាក FUSO ពណ៌ ត្រួយចេក ពាក់ផ្លាកលេខព្រះសីហនុ 3A-7073 ក្រុមហ៊ុន SP មុំ សម្ផស្ស អ្នកបើកបរឈ្មោះ កែវ សៅភី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោទដាច់ហ្រ្វាំងជ្រុលរថយន្ត ចំនួន០៣គ្រឿង មានទិសដៅស្របគ្នា៖

១៖ រថយន្តម៉ាក Ssangyong ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2W-9934 ដឹកកម្មករ។
២៖ រថយន្តម៉ាក Ssangyong ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2Z-4198 ដឹកកម្មករ។
៣៖ រថយន្តម៉ាក LEXUS RX330 ពណ៌ប្រផេះ ពាក់ផ្លាកលេខព្រះសីហនុ 2B-6918។

មួយសន្ទុះក្រោយមកមានរថយន្តដឹកកុងតឺន័រ ០១គ្រឿងម៉ាក International ពណ៌ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 3D-6269 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើបានគេចរថយន្តម៉ាក LEXUS RX330 (ដែលជួបគ្រោះថ្នាក់ករណីទី១កណ្តាលផ្លូវ) ជ្រុលចង្កូត មកខាងឆ្វេងដៃបុករះម៉ូតូចំនួន០៤គ្រឿង ដែលឈប់ចតមើលករណីគ្រោះថ្នាក់ចរាចរណ៍ទី១ មានដូចខាងក្រោម៖
១៖ ម៉ូតូម៉ាក WAVE ពណ៌ ខ្មៅ ភ្នំពេញ1U-6013។
២៖ ម៉ូតូម៉ាកម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1DE-2951។
៣៖ ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានផ្លាកលេខ។
៤៖ ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានផ្លាកលេខ។

តុល្យការគ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្ស ចំនួន០១នាក់ និងរងរបួសមនុស្សចំនួន២៩នាក់ ស្រី២២នាក់ (ធ្ងន់ចំនួន០៨នាក់ ស្រី០៦នាក់)។ ចំណែកអ្នកបើកបររថយន្តម៉ាក FUSO ពណ៌ ត្រួយចេក ពាក់ផ្លាកលេខព្រះសីហនុ 3A-7073 ក្រុមហ៊ុន SP មុំសម្ផស្ស អ្នកបើកបរឈ្មោះ កែវ សៅភី បាននាំខ្លួនមកសាកសួរមក នៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់។ រីឯវត្ថុតាងរថយន្តចំនួន០៥គ្រឿង ខូចខាតធ្ងន់និងម៉ូតូចំនួន០៤គ្រឿង ខូចខាតធ្ងន់បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕