(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែកកូនត្រីអណ្តែង និងកង្កែប សរុបជិត២០ម៉ឺនក្បាល ជូនដល់ប្រជាកសិករ ដែលរស់នៅក្នុងខេត្តចំនួន៦ សរុប៣៣៦គ្រួសារ។

បើតាម Facebook របស់លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ មានខ្លឹមសារដូចខាងក្រោម៖

អនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីការជំរុញ និងលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រី និងកង្កែប ដើម្បីធានាសន្តិសុខស្បៀងក្នុងគ្រួសារ ក្នុងខណៈដែលប្រទេសជាតិ កំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផល ជាសេនាធិការបានខិតខំពុះពារ យកចិត្តទុកដាក់ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តអនុសាសន៍ខាងលើនេះ សម្រេចទទួលបានលទ្ធផលដូចខាងក្រោម៖

១៖ គិតត្រឹមថ្ងៃទី១០ ខែសីហានេះ រដ្ឋបាលជលផល បាននាំយកកូនត្រីអណ្តែង កូនកង្កែប តង់ចិញ្ចឹម និងចំណី ទៅចែកជូនប្រជាពលរដ្ឋ នៅតាមខេត្តគោលដៅចំនួន ៦ (ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគីរី រតនគីរី កំពង់ស្ពឺ និងកំពត) រួចហើយ ក្នុងចំណោមខេត្តគោលដៅចំនួន១១ (ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគីរី រតនគីរី កំពង់ស្ពឺ កណ្តាល កំពត ស្វាយរៀង ប៉ៃលិន ត្បូងឃ្មុំ និងខេត្តព្រះសីហនុ)។

២៖ ខេត្តទាំង៦ មានប្រជាពលរដ្ឋសរុបចំនួន៣៣៦គ្រួសារ បានទទួលជំនួយក្នុងនោះមាន៖

* ប្រជាពលរដ្ឋចំនួន ១៩០គ្រួសារ ទទួលបានកូនត្រីអណ្តែង ដោយគ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែងចំនួន ៧០០ក្បាល និងតង់០១ សរុបមានកូនត្រីអណ្តែងចំនួន ១៣៣,០០០ក្បាល។

* ប្រជាពលរដ្ឋចំនួន១៤៦គ្រួសារ ទទួលបានកូនកង្កែប ដោយគ្រួសារនីមួយទទួលបានកូនកង្កែបចំនួន ៤០០ក្បាល និងតង់០១ សរុបមានកូនកង្កែបចំនួន ៥៨,៤០០ក្បាល។

៣៖ ចំណីសម្រាប់កូនត្រីអណ្តែង មានចំនួន៧៣២បាវ ស្មើនឹង១៨តោន។
៤៖ ចំណីសម្រាប់កូនកង្កែប មានចំនួន ៤៨០បាវ ស្នើនឹង១២តោន។
៥៖ ចំណីបន្ថែម (វីតាមីន) សម្រាប់កូនត្រី និងកូនកង្កែបចំនួន៧៥០កញ្ចប់។

ជាបណ្តើរៗ មន្រ្តីជំនាញរបស់រដ្ឋបាលជលផល នឹងនៅបន្តចុះចែកកូនត្រីអណ្តែង និងកូនកង្កែប ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តគោលដៅ ឲ្យបានគ្រប់ទាំង១១ខេត្ត ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យទាន់រដូវភ្លៀង ចូលរួមលើកកម្ពស់ និងធានាឲ្យបាននូវសន្តិសុខស្បៀងជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងប្រើប្រាស់ ថវិកាដែលជាជំនួយរបស់សម្តេចតេជោ ឲ្យមានតម្លាភាព សុក្រឹត្យភាព ប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់៕