(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ពីស្ថានភាព នៃការប្រែប្រួលអាកាសធាតុ ដែលជាកត្តានាំឲ្យកើតមានការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់សេដ្ឋកិច្ច សង្គម រួមនឹងវិធានការជាក់ស្ដែង ដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមជាវាគ្មិនពីលោក នេត្រ ភត្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន៕