(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្រុមសិក្ខាកាមទទួលការបណ្តុះបណ្តាល ស្តីពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលត្រៀមទៅបម្រើការងារនៅមជ្ឈមណ្ឌលជាតិ ផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ ទទួលបានការអនុញ្ញាត ឱ្យធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅមជ្ឈមណ្ឌលឱកាសខ្ញុំ។

ការទស្សនកិច្ចធ្វើឡើង ក្រោមវត្តមានសម្របសម្រួលដោយឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ។

លោក ស្រី មុំ ចាន់ដានី បានធ្វើការចែករំលែកបទពិសោធន៍ អនុវត្តន៍ជាក់ស្តែងលើការងារគ្រប់គ្រង ការងារព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវ: និងការងារសមាហរណកម្មអ្នកញៀនគ្រឿងញៀន ទៅរស់នៅក្នុងគ្រួសារ និងសហគមន៍វិញ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ ទោ លឹម តុងហួត បានថ្លែងអំណរគុណដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដែលបានផ្តល់ការអនុញ្ញាត និងថ្លែងការកោតសរសើរដល់គណ:គ្រប់គ្រង និងបុគ្គលិកមជ្ឈមណ្ឌលឱកាសខ្ញុំ ដែលបានរួមគ្នាប្រកបដោយការទទួលខុសត្រូវតាមជំនាញ ធ្វើឱ្យការផ្តល់សេវាដល់ជនរងគ្រោះមានប្រសិទ្ធភាព និងបានចែករំលែកបទពិសោធន៍ការអនុវត្តន៍ ដើម្បីផ្សារភ្ជាប់នឹងការសិក្សាផ្នែកទ្រឹស្តី។

ឧត្តមសេនីយ៍ ទោ លឹម តុងហួត ក៏បានថ្លែងបន្ថែមថា គ្រួសារ និងសហគមន៍ គឺធាតុសំខាន់ដែលជួយឱ្យអ្នកញៀនគ្រឿងញៀនទទួលបានសេវាប្រកបដោយប្រសិទ្ធភាព ទទួលបានចំណេះជំនាញសម្រាប់ប្រកបរបរចិញ្ចឹមជីវិត កាត់បន្ថយបាននូវការលាប់ ធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងសូមចូលរួមទាំងអស់គ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕