(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការទី១០ ព្រឹទ្ធសភា ដើម្បីសិក្សាឈ្វេងយល់អំពីការ អភិវឌ្ឍថ្មីៗរបស់ខេត្ត វឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋានដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖ ប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកង រាជអាវុធហត្ថខេត្ត លោកមេបញ្ជារងប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត និងលោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត។

លោក ម៉ែន វិបុល បានអរគុណចំពោះការឆ្លៀតពេលដ៏មមាញឹកអញ្ជើញចុះមកឈ្វេងយល់អំពីប្រសិទ្ធភាព ប្រសិទ្ធផល និងបញ្ហាប្រឈមនានាជុំវិញការអភិវឌ្ឍមូលដ្ឋាន ពិសេសការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងការងារវិមជ្ឈការ វិសហមជ្ឈការនាពេលនេះ។

ក្នុងនោះលោកអភិបាលខេត្ត បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ ការអភិឌ្ឍ វឌ្ឍនភាព នៃការអនុវត្តច្បាប់ ការផ្តល់សេវារដ្ឋបាល និងការបង្ការទប់ស្តាប់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាដើម។

លោក ម៉ម ប៊ុននាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងអាណត្តិដឹកនាំរបស់លោកអភិបាលខេត្ត ដែលឆ្លុះបញ្ចាំងឱ្យឃើញថា មានសន្តិភាព ទើបមានការអភិវឌ្ឍរីកចម្រើន ភាពរីកចម្រើននេះ ហើយគឺអាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងដោយមានការចូលរួមអនុវត្ត ប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលខេត្ត ក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងទាំងមូល។

លោកប្រធានគណៈកម្មការទី១០ បានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ ហើយបង្ខិតសេវាសាធារណៈឱ្យកាន់តែគៀកជិតប្រជាពលរដ្ឋ កាន់តែឆ្លើយតបនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ និងត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ លោកបន្តថា លទ្ធផលនៃអង្គប្រជុំនាពេលនេះ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា នឹងនាំយកទៅរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងអង្គព្រឹទ្ធសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជូនជ្រាប និងចាត់វិធានការដោះស្រាយ៕