(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការសិក្សាគួរធ្វើឡើងពេញមួយជីវិតដើម្បីអាចដើរតាមទាន់របត់នៃបដិវត្តឧស្សាហកម្ម ៤.០ ដោយហេតុថាព័ត៌មានវិទ្យាដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូររបៀបធ្វើការ និងការរស់នៅជាពិសេសលើកកម្ពស់វប្បធម៌ អរិយធម៌ របស់ជាតិសាសន៍មួយផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួង ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ បណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងចែ រំលែកបទពិសោធន៍ជោគជ័យក្នុងការងារដល់ថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីក្រោមឱវាទក្រសួងប្រមាណ ១០០នាក់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា តាមរយៈការបណ្ដុះបណ្ដាល សិក្ខាកាមនឹងទទួលបានបទពិសោធន៍ពិតៗ ពីវាគ្មិនដែលធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ជោគជ័យ ផ្ទាល់ខ្លួន និងផ្តល់ទស្សនទាននៃភាពជាអ្នកដឹកនាំលើប្រធានបទសំខាន់ៗដូចជា ការអភិវឌ្ឍខ្លួន ការរៀបចំផ្នត់គំនិតការត្រៀមខ្លួនសម្រាប់ ការផ្លាស់ប្តូរ និងការអភិវឌ្ឍវិជ្ជាជីវៈ និងស្ថាប័នផងដែរ។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងមានផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំច្បាស់លាស់ទាំងការបណ្ដុះបណ្ដាលក្នុងប្រទេស និងបញ្ជូនមន្ត្រីទៅសិក្សានៅក្រៅប្រទេសតាមរយៈកម្មវិធីបណ្ដុះបណ្ដាល រយៈពេលខ្លី ឬអញ្ជើញវាគ្មិនពីក្រៅប្រទេសដូចជា សាលា Harward មកបណ្ដុះបណ្ដាលផ្ទាល់ដល់មន្ត្រី ក្រសួងដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយសំដៅបង្កើនផលិតភាព ការងារឱ្យប្រសើរជាងមុន។

លោក ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីធ្វើបទបង្ហាញ ឬការបណ្តុះបណ្តាលទាក់ទងនឹងវិស័យព័ត៌មានវិទ្យាដល់មន្ត្រីក្រោមឱវាទក្រសួង ដើម្បីពង្រឹងសមត្ថភាពពួកគាត់ឱ្យ កាន់តែ ទូលំទូលាយ និងរិះរកនីតិវិធីផ្លាស់ប្ដូររបៀបរបបធ្វើការងារ សំដៅលើកកម្ពស់ផលិតភាព ការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ចូលរួមសួរដេញដោលឱ្យបានផុលផុសបំផុតដើម្បីក្រេបយកចំណេះដឹងឱ្យច្រើន ហើយយកចំណេះដឹងទាំងនោះទៅ បម្រើជាតិមាតុភូមិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឱ្យឈានឡើងមួយកម្រិតថែមទៀត៕