(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខៃសីហា ឆ្នាំ២០២០នេះ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍បំភ្លៃការពិត របស់គណបក្សខ្មែរឈ្នះ ដែលរបាយការណ៍នេះ ពាក់ព័ន្ធនឹងការធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋបាលរាជធានីភ្នំពេញ សូមសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះសេចក្ដីថ្លែងការណ៍លេខ ១០៨/២០ គ.ខ.ឈ. ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ របស់គណបក្សខ្មែរឈ្នះ ដែលមានខ្លឹមសារប្រាស់ចាកពីស្មារតីនៃកិច្ចប្រជុំ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងគណបក្សខ្មែរឈ្នះ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដែលបានធ្វើការចោទប្រកាន់មកលើរដ្ឋបាលរាជធានីភ្នំពេញថា បានដាក់បម្រាម ដោយហាមឃាត់ចំពោះការប្រកាស ដឹកនាំធ្វើបាតុកម្មទាមទារដោះលែងលោក រ៉ុង ឈុន និងថែមទាំងលើកឡើងខុសពីការពិតទាំងស្រុងថា អាចមានការ ប៉ះទង្គិច និងឈានទៅដល់ការចាប់ខ្លួនបាតុករ ពាក់ព័ន្ធការដាក់បម្រាមយ៉ាងតឹងរ៉ឹងនេះ»

រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនសាធារណជន បណ្ដាសារព័ត៌មានជាតិ-អន្តរជាតិ និងបណ្ដាញសង្គម ទាំងអស់មេត្តាជ្រាបថា ក្រោយពីទទួលបានលិខិតជូនដំណឹង នៃការធ្វើបាតុកម្មរបស់ គណបក្សខ្មែរឈ្នះ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញប្រធានគណបក្សខ្មែរឈ្នះ និងអ្នកពាក់ព័ន្ធ ដើម្បីជួបប្រជុំពិភាក្សាអំពីគោលបំណង និងការថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងកំលុងពេលធ្វើបាតុកម្មខាងលើ។ ក្នុងកិច្ចពិភាក្សានេះ លោក យិន ជឿន តំណាងគណបក្សខ្មែរឈ្នះ បានលើកឡើងអំពីគោលបំណង និងដំណើរការប្រព្រឹត្តទៅនៃបាតុកម្ម ដោយមានអ្នកចូលរួមជាច្រើនពាន់នាក់។

បន្ទាប់មក តំណាងរដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនទៅតំណាងគណបក្សខ្មែរឈ្នះថា ការជូនដំណឹងធ្វើ បាតុកម្មនេះ មានលក្ខណៈមិនសមស្រប ទៅនឹងស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ ១៩ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជានានា ដូចជា លិខិតលេខ ០៩៧ សខល ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្ដីពីការជំរុញអប់រំសុខភាពជូនប្រជាជន និងពង្រឹងការងារតាមដានការអនុវត្តវិធានការការពាររលកទី២ នៃការចម្លង ជំងឺកូវីដ១៩ មាត្រា៩ នៃច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ហើយគោលបំណងនៃការធ្វើបាតុកម្មទាមទារឱ្យមានការ ដោះលែងទៀតសោត មិនស្របមាត្រា ៥២២ មាត្រា ៥២៣ និងមាត្រា ៦០៧ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីធ្វើការពិភាក្សាគ្នាអស់រយៈពេលប្រមាណជា ២ម៉ោង តំណាងគណបក្សខ្មែរឈ្នះបានឯកភាព តាមការលើកឡើងរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយយល់ព្រមលើកពេលនៃការធ្វើបាតុកម្ម និងជូនដំណឹងពីការធ្វើ បាតុកម្មមករដ្ឋបាលរាជធានីភ្នំពេញជាថ្មីម្ដងទៀត តាមពេលវេលា និងស្ថានភាពសមស្រប។ ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមបដិសេធយ៉ាងដាច់អហង្ការ និងថ្កោលទោសចំពោះសេចក្ដីថ្លែងការណ៍ របស់គណបក្សខ្មែរឈ្នះខាងលើ ដែលជាទង្វើឆ្លៀតបោកប្រាស់សាធារណមតិ ដើម្បីទទួលបានការចាប់ អារម្មណ៍ពីសាធារណជន។

រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យគណបក្សខ្មែរឈ្នះត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា មុននឹងធ្វើសេចក្ដីថ្លែងការណ៍ ហើយត្រូវធ្វើការកែប្រែជាបន្ទាន់នូវខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍ ចុះថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២០ ឱ្យស្របតាមកំណត់ហេតុប្រជុំ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសាធារណជន៕