(ភ្នំពេញ)៖ ទីតាំងជួញដូរគ្រឿងញៀនមួយកន្លែង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការ និងកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បង្ក្រាបចាប់ខ្លួនជនជាប់សង្ស័យប្រុសស្រីចំនួន៥នាក់ ដកហូតគ្រឿងញៀនចំនួន១១កញ្ចប់ នៅវេលាម៉ោង០៣៖០០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះចិញ្ចឹមត្រី ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ជនសង្ស័យ១ ឈ្មោះ វិន ធីញុង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម មានមុខរបរនៅផ្ទះ ទី២ឈ្មោះ ចាំង មិនចាន់ អាយុ២៩ឆ្នាំ ជនជាតិវៀតណាមមានមុខរបរនៅផ្ទះ ទី៣ ឈ្មោះសុខ លី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មានមុខរបរចិញ្ចឹមត្រី ទី៤ឈ្មោះ សុខ ចន្ធី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាមមានមុខរបរជាអ្នកម៉ាស្សា អ្នកទាំង៤ស្នាក់នៅ ចំណុចកើតហេតុខាងលើ ចំណែកទី៥ឈ្មោះអ៊ុន សុឃីម អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាសន្តិសុខស្នាក់នៅ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ អធិការរងនគរបាល ខណ្ឌឫស្សីកែវ លោក អ៊ីវ ឈុនភេង និងអធិការរងលោក លឹម សេរីសោភ័ណ បានបញ្ជាក់ថា ក្នុងការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនខាងលើនេះ ស្ថិតក្រោមបញ្ជាស្រាវជ្រាវពីលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ ដោយមានការសម្របសម្រួលពីលោក តុប ឈុនឡុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ជនត្រូវជាប់សង្ស័យទាំង៥នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
Posted by Fresh News Photo on Tuesday, January 26, 2016