(កណ្តាល)៖ គណៈកម្មការសម្រាប់ ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) ពិតជាបានរួមចំណែកដ៏សំខាន់ ក្នុងការចូលរួមថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ដើម្បីជីវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ការពារធានាបាននូវអត្ថប្រយោជន៍នានា ជូនដល់កម្មករនិយោជិតបានទប់ស្កាត់។
នេះជាការលើកឡើងរបស់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គ.ក.ប នាឱកាសបើកកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា វិធានការទប់ស្កាត់ និងកាត់បន្ថយការធ្វើកូដកម្ម បាតុកម្មខុសច្បាប់ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកណ្តាល។
លោករដ្ឋមន្ត្រីបានបន្តទៀតថា មិនតែប៉ុណ្ណោះ គ.ក.ប ក៏បានដោះស្រាយដោយជោគជ័យ នូវសកម្មភាពបាតុកម្មនយោបាយ របស់ក្រុមជ្រុលនិយមដែលមានការគាំទ្រ និងលើកទឹកចិត្តពីបណ្តាមជ្ឈដ្ឋានខាងក្រៅ ដែលប៉ុនប៉ងបំផ្លាញលទ្ធផល នៃការបោះឆ្នោតផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសធានាបាននូវសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការពារផលប្រយោជន៍ ជូនកម្មករនិយោជិត នាពេលកន្លងមក។
លោករដ្ឋមន្ត្រីថា សម្រាប់ឆ្នាំ២០២០នេះ ខេត្តកណ្តាល គឺជាខេត្តទីពីរ ដែលបានរៀបចំឱ្យមានកិច្ចប្រជុំផ្សព្វផ្សាយនេះ ដោយកាលពីលើកទីមួយបានរៀបចំនៅខេត្តព្រះសីហនុ ដែលមួយផ្នែក គឺដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង ដែលកំពុងកើតមានក្នុងខេត្តផង និងមួយផ្នែកទៀត គឺដើម្បីវាយតម្លៃពីតួនាទីភារកិច្ចរបស់មន្រ្តី គ.ក.ប គ្រប់ថ្នាក់ ដែលកន្លងមកបានបំពេញយ៉ាងសកម្ម ក្នុងការពង្រឹងការអនុវត្តច្បាប់ ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ជាពិសេសបានឆ្លើយតបទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០២.បប ស្តីពីការអនុវត្តផែនការទប់ស្កាត់កូដកម្មបាតុកម្មត្រង់ចំណុចទី២ បានកំណត់ថា គណៈបញ្ជាការឯកភាព និង គ.ក.ប រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវមានផែនការណែនាំក្នុងភូមិសាស្រ្តរបស់ខ្លួន។ រាល់ករណីកូដកម្ម បាតុកម្ម ដែលកើតឡើងនៅតាមភូមិសាស្រ្តណា គណៈបញ្ជាការឯកភាព និងគ.ក.បនោះ ត្រូវទទួលខុសត្រូវដឹកនាំបញ្ជាដោះស្រាយរាល់ករណីជាក់ស្តែងនីមួយៗ ឱ្យអស់លទ្ធភាព។
រាជរដ្ឋាភិបាលបានអនុវត្តដោយពេញលេញ នូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ការជួបជុំដើម្បីធ្វើកូដកម្ម បាតុកម្មស្របទៅតាមច្បាប់ជាធរមាន។ កម្ពុជានៅតែបន្តធ្វើដំណើរឆ្ពោះទៅមុខយ៉ាងត្រឹមត្រូវ តាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការប្រព្រឹត្តទៅនៃនីតិរដ្ឋ សិទ្ធិសេរីភាពរបស់បុគ្គល សេរីភាពខាងសារព័ត៌មាន និងការបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្ម សកម្មភាពនៃបណ្តាគណបក្សនយោបាយអង្គការសង្គមស៊ីវិល និងសហជីព ការចូលរួមរបស់ប្រជាពលរដ្ឋជាដើម ត្រូវបានគោរព និងការពារ ជាពិសេសធានាឱ្យអង្គការវិជ្ជាជីវៈ បានអនុវត្តសិទ្ធសេរីភាពរបស់ខ្លួនអនុលោមតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជា បានផ្តល់សច្ចាប័ន។
លោក អ៉ិត សំហេង បានបញ្ជាក់បន្ថែមពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងច្បាប់ និងបទដ្ឋានគតិយុត្តិវិស័យការងារ ព្រោះនេះក៏ជាការទទួលខុសត្រូវរបស់ គ.ក.ប ថ្នាក់ខេត្តផងដែរ ដើម្បីធានាបាននូវស្ថិរភាព និងសុវត្ថិភាពការងារ។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ដោយបានអនុញ្ញាតឱ្យមានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ របស់កម្មករនិយោជិតជារៀងរាល់ ៦ខែម្តង។ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ជាក្របខ័ណ្ឌគតិយុត្តមួយច្បាស់លាស់ ក្នុងការធានាដំណើរការយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលពិតជាមានសារប្រយោជន៍ខ្លាំងណាស់ក្នុងការធានាសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់កម្មករនិយោជិត ព្រមទាំងធានានូវស្ថិរភាព និរន្តភាពនៃវិស័យពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគរបស់កម្ពុជា៕