(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា រាល់ការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបង់ទូទាត់ជាសាច់ប្រាក់នោះទេ។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះ ការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង មិនត្រូវបានដាក់នៅក្នុងវិក្កយបត្រអគ្គិសនីទៀតទេ គឺតម្រូវឲ្យ អតិថិជនត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬ បញ្ជរទូទាត់នៅធនាគារ ACLEDA, ABA, WING, AMK, WB Finance, Prince Bank, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ ផ្សេងៗទៀតដូចជា eMONEY, Lyhour Weiluy, Pi Pay, និង Dara Pay។
ប៉ុន្តែ ក្នុងពេលថ្មីៗនេះ មានករណីជនខិលខូចមួយក្រុមតូច បានឆ្លៀតឱកាសក្លែងបន្លំខ្លួនជាមន្ត្រីរបស់រដ្ឋាករ ស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ធ្វើការឆបោកអតិថិជន ឲ្យធ្វើការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយចេញជាមូលប្បទានបត្រ (Cheque) ឬទូទាត់ជាសាច់ប្រាក់ដោយផ្ទាល់ជាមួយពួកគេ។
ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់យ៉ាងច្បាស់ថា រាល់ការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបង់ទូទាត់ ជាសាច់ប្រាក់នោះទេ ហើយចំពោះការចេញជាមូលប្បទានបត្រ (Cheque) ត្រូវសរសេរទៅឈ្មោះ «រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ» ឬជាភាសាអង់គ្លេស «Phnom PerhSold Waste Managerment Authorty» ដោយផ្ទាល់។
ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ជួបប្រទះនូវបញ្ហាការឆបោកដូចបានរៀបរាប់ជូន៍ខាងលើ សូមកុំធ្វើតាមការឆបោកនោះ ហើយសូមរាយការណ៍តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៨៧ ២៥៨ ៨៣៥ ឬរាយការណ៍ជូនទៅអាជ្ញាធរមានសមត្ថកិច្ច ដែល ស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូនដោយផ្ទាល់ ដើម្បីធ្វើការចាប់ខ្លួនក្រុមជនខិលខូចទាំងនោះ មកផ្តន្ទាទោសតាមច្បាប់។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម នឹងស្ថាប័នឯកជនទាំងអស់ ដែលបានបំពេញកាតព្វកិច្ច ក្នុងការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង បានយ៉ាងល្អប្រសើរ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖