(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធនានា បន្តទប់ស្កាត់ការកាប់ទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។
ការជំរុញបែបនេះរបស់លោក ងួន រតនៈ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២០ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ដោយមានការចូលរួម ពីថ្នាក់អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ អភិបាលក្រុង ស្រុក មន្ទីរជំនាញនានាជុំវិញខេត្តចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំនេះ ប្រធានមន្ទីរជំនាញ រដ្ឋបាលក្រុងស្រុក បានឡើងរាយការណ៍ពីលទ្ធផលការងារ និងមានបញ្ហាប្រឈមនានាខ្លះជូនថ្នាក់ដឹកនាំផ្តល់ការណែនាំ និងជួយធ្វើការដោះស្រាយពាក់ព័ន្ធ កន្លងទៅ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងនោះលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើង និងផ្សព្វផ្សាយអំពីវិធីការពារ ជំងឺគ្រុនឈីក ដែលស្រដៀងជំងឺគ្រុនឈាមដែរ។ ខណៈអាការៈរោគច្រើនកើត ទៅលើមនុស្សចាស់ ដោយមានការឈឺឆ្អឹង សន្លាក់ដៃជើង តែមិនមានការគ្រោះថ្នាក់អ្វីធំដុំនោះទេ តែវិធានការការពារកុំឱ្យឆ្លង គឺការពារកុំឱ្យមូសខាំ ដូចជំងឺគ្រុនឈាមដែរ។
ក្នុងកិច្ចប្រជុំដដែល រដ្ឋបាលខេត្ត បានផ្សព្វផ្សាយលិខិតរបស់ក្រសួងមហាផ្ទៃ ចំនួនពីររួមមាន៖
*ទី១៖ ស្តីពីការទប់ស្កាត់ការទន្ទ្រានយកដីនៅ ក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងដីរដ្ឋហាមឃាត់ផ្សេងទៀតដោយខុសច្បាប់
*ទី២៖ ស្តីពីការទប់ស្កាត់ការផ្តល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋ និងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យមានល្អ តម្លាភាព មិនត្រូវយកលុយពីពលរដ្ឋក្រីក្រនោះឡើយ។
ឆ្លៀតនៅក្នុងឱកាសនោះ លោក ងួន រតនៈ បានកោតសសើរមន្រ្តីជំនាញនៅតាមស្ថាប័ននានា ដែលបានខិតខំធ្វើការងារនេះ បានល្អប្រសើរ សម្រេចជោគជ័យ និងសូមឱ្យមន្ត្រីបន្តធ្វើការងារ បម្រើប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ និងប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ព្រមទាំងជំរុញការយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋាន។
ក្នុងនាមជាប្រធានគណៈបញ្ជាការខេត្ត លោក ងួន រតនៈ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋបន្តការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមសហគមស្របពេលដែលរាជរដ្ឋាភិបាលបានអនុញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាកចំនួន៥ថ្ងៃ ជំនួសថ្ងៃសម្រាកបុណ្យចូលឆ្នាំខ្មែរកន្លង ទៅដោយសារការផ្ទុះបញ្ហាជំងឺកូវីដ-១៩នៅលើពិភពលោក កាលពីចុងឆ្នាំ២០១៩កន្លង ទៅមកដល់បច្ចុប្បន្ន នៅតែអនុវត្តការពារការឆ្លងជំងឺនេះ បន្តទៀតជៀសវាងការឆ្លងរោគរីករាលដាលជំងឺនេះផងដែរ៕