(កណ្ដាល)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានជំរុញឱ្យរដ្ឋបាលខេត្តកណ្តាល ត្រូវដោះស្រាយរាល់បញ្ហារបស់កម្មករ និយោជិកឱ្យស្របតាមច្បាប់ បទបញ្ញាតិនានា ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
ការជំរុញបែបនេះរបស់លោកបណ្ឌិត អ៉ិត សំហេង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលស្ដីពី ការអនុវត្តផែនការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមមុខសញ្ញាឆ្នាំ២០២០-២០២៤ នៅសាលាខេត្តកណ្ដាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ដោយមានការដោយមានការចូលរួមពីសំណាក់លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាង៤០០នាក់។
លោកបណ្ឌិត អ៉ិត សំហេង បានជំរុញយ៉ាងដូច្នេះថា៖ «ស្នើឱ្យគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាថ្នាក់ខេត្ត ត្រូវបន្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងការដោះស្រាយនូវសំណូមពរ ការទាមទារដែលអាចទទួលយកបាន ស្របតាមច្បាប់ និងបទបញ្ញតិជូនប្អូនកម្មករនិយោជិតឱ្យបានកាន់ប្រសើរ»។
ស្ថិតនៅក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងការងារ ក៏បានស្នើរដល់គណៈបញ្ជាការឯកភាព និងគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មថ្នាក់ខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល ត្រូវមានផែនការអនុវត្តក្នុងភូមិសាស្រ្តរបស់ខ្លួនឱ្យបានច្បាស់លាស់។
លោកបណ្ឌិត អ៉ិត សំហេង បានបន្តថា រាល់ករណីកូដកម្ម បាតុកម្មដែលកើតឡើងនៅតាមភូមិសាស្រ្តណាមួយ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានោះ ត្រូវទទួលខុសត្រូវក្នុងការដោះស្រាយទៅតាមករណីជាក់ស្តែងនីមួយៗ និងត្រូវខិតខំដោះស្រាយឱ្យអស់លទ្ធភាព ជាពិសេសត្រូវក្តាប់នូវមូលហេតុនៃបញ្ហា ភស្តុតាង និងមុខសញ្ញាជនឱកាសនិយម ដែលញុះញង់ឬធ្វើសកម្មភាពខុសច្បាប់ ជាពិសេសត្រូវខិតខំការពារសន្តិសុខសុវត្ថិភាពជូនសហជីព កម្មករនិយោជិក ដែលធ្វើកូដកម្ម បាតុកម្មស្របច្បាប់ ក្នុងករណីមានអំពើហិង្សាត្រូវចាត់វិធានការ តាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
បើតាមលោក គង់ សោភ័ណ្ឌ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការអនុវត្តផែនការ ការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាឆ្នាំ២០២០-២០២៤ រដ្ឋបាលខេត្ត បានចុះសម្របសម្រួលនិងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មខុសច្បាប់នៅតាមរោងចក្រ សហគ្រាសជាបន្តបន្ទាប់។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ថ្មីៗនេះ គណៈសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាក្នុងខេត្ត បានចុះទៅសម្របសម្រួលនិងដោះស្រាយបញ្ចប់ករណីវិវាទ រវាងកម្មករចំនួន ៧២៤នាក់ ជាមួយរោងចក្រ «ថៃ យ៉ា ហ្គាមេន អ៊ិនដាសស្រ្ទី ខូអិលធីឌី» ដែលបានបិទទ្វារលែងដំណើរ ដោយបានទូទាត់ថវិកាជូនកម្មករ ស្របតាមគោលការណ៍ ណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក គង់ សោភ័ណ្ឌ បានគូសបញ្ជាក់បន្តថា គណៈសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាក្នុងខេត្តកណ្ដាល បានសហការជាមួយសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាខេត្ត ដើម្បីសម្របសម្រួល និងពន្លឿននីតិវិធីក្នុងការដោះស្រាយករណីវិវាទការងាររួមនៅរោងចក្រកាត់ដេរ «ឌីកនើធី នីតធើរ លីមីតធីត» និងរោងចក្រកាត់ដេរសម្លៀកបំពាក់ «អ៊ីខូ បេស ហ្វេកធើរី» ដែលមានកម្មករ និយោជិតចំនួន១,១១៩នាក់ ស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕