(ក្រចេះ)៖ ខេត្តក្រចេះកំពុងរង់ចាំស្វាគមន៍វត្តមានភ្ញៀវទេសចរគ្រប់ពេលវេលា ខណៈលោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានផ្តល់បទបង្ហាញជូនសារធារណជន ក៏ដូចជាភ្ញៀវទេសចរអំពីទីតាំងរមណីយដ្ឋានទេសចរណ៍ និងតំបន់ទេសចរណ៍នានានៅក្នុងខេត្ត ដែលភ្ញៀវទេសចរអាចទៅមកទស្សនាកម្សាន្តបានគ្រប់ពេលវេលា ពិសេសគឺក្នុងថ្ងៃឈប់សម្រាកខាងមុខ។
ជាមួយកិច្ចការងារនេះដែរ លោកប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ក៏បានស្នើឲ្យម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ពិសេសម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ ឱ្យអនុវត្តនូវវិធានសុវត្ថិភាពទសចរណ៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ-ការពារការឆ្លងរាលដាលជំងឺកូវី-១៩ ចូលទៅក្នុងសហគមន៍។
លោកប្រធានមន្ទីរទេសចរណ៍ ក៏បានអំពាវនាវទុកមុនដល់ភ្ញៀវទេសចរផងដែរ ឱ្យបន្តយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន ដោយយកជាប់ខ្លួននូវសម្ភារៈប្រើប្រាស់តាមដែលអាចធ្វើទៅបាន ដូចជា ម៉ាស់ ឬក្រមា អាល់កុល ឬអាល់កុលជែលតាមខ្លួនជានិច្ច។
បើតាមការលើកឡើងរបស់លោក ចាន់ សុគន្ធី សម្រាប់ថ្ងៃឈប់សម្រាក និងសម្រាប់រដូវវស្សានេះ ខេត្តក្រចេះមានរមណីយដ្ឋានទេសចរណ៍ និងតំបន់ទេសចរណ៍មួយចំនួន ដែលអាចទទួលស្វាគមន៍ភ្ញៀវទេសចរបាន ក្នុងនោះមានដូចជារមណីយដ្ឋានប្រវត្តិសាស្ត្រព្រះវិហារធំសសរ ១០០ កាំពីអន្លង់ផ្សោត ភ្នំសំបុក ក្រុងក្រចេះ សហគមន៍ទេសចរណ៍កោះទ្រង់ វិហារបុរាណរកាកណ្តាល សហគមន៍ទេសចរណ៍កោះសាមសិប និងវិមាន ២ ធ្នូ ស្ថិតនៅក្នុងស្រុកស្នួល៕