(ភ្នំពេញ)៖ លោកឧកញ៉ា យិន សុវណ្ណនី និងលោក ជា ម៉ុង ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង បានចេញមុខធ្វើការបដិសេធទៅនឹងទង្វើរបស់ព្រះសង្ឃ មួយអង្គដែលគង់នៅប្រទេសអូស្តាលី យកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ហើយសូមអោយព្រះសង្ឃខាងលើបញ្ឈប់ការ យកឈ្មោះ និងរូបថតរបស់លោកទាំងពីរទៅប្រើប្រាស់តទៅទៀត។
លោកឧកញ៉ា យិន សុវណ្ណនី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News អោយដឹងថា រូបថត និងឈ្មោះរបស់លោក រួមទាំងរូបថត និងឈ្មោះរបស់ លោកជា ម៉ុង ត្រូវបានព្រះសង្ឃមួយអង្គព្រះនាម ម៉ិល វ៉េងលីម ដែលគេដឹងថា បច្ចុប្បន្នគង់នៅប្រទេសអូស្ត្រាលី យកទៅប្រើប្រាស់ដែលភ្ជាប់ជាមួយលោក សង្ឃអង្គនេះ ដែលតាំងខ្លួនជាប្រធានក្រុមប្រឹក្សាភិបាល «សមាគមទ្រទ្រង់ព្រះពុទ្ធសាសនា និងបណ្ដុះបណ្ដាលសិស្សក្រីក្រ» ហើយផ្ដល់ឋានៈដល់លោក ទាំងពីររូបជាអនុប្រធានទី១ និងអនុប្រធានទី២ នៃក្រុមប្រឹក្សាភិបាលសមាគមនេះ ដោយគ្មានការអនុញ្ញាតពីសាម៉ីខ្លួនឡើយ។
លោកឧកញ៉ា បានបន្តថា ការយកឈ្មោះ និងរូបថតរបស់លោកទាំងពីរនាក់ទៅប្រើប្រាស់ដោយព្រះសង្ឃនាម ម៉ិល វ៉េងលីម ដែលគង់នៅប្រទេសអូស្ត្រាលីនេះ គឺពួកលោកដឹងដោយ សារមានបងប្អូនស្គាល់គ្នា នៅប្រទេសអូស្ត្រាលីគេឃើញ ឆ្ងល់ហើយសួរមក ទើបលោកមានការភ្ញាក់ផ្អើល ព្រោះតែសកម្មភាពយកឈ្មោះ និងរូបថតរបស់លោក ទៅប្រើប្រាស់នេះ គឺគ្មានការអនុញ្ញាត ហើយក្នុងរូបភាព និងសកម្មភាពមិនត្រឹមត្រូវទៀតផង។
ចុងក្រោយលោកឧកញ៉ា យិន សុវណ្ណនី និងលោកជា ម៉ុង សូមអោយព្រះសង្ឃ ម៉ិល វ៉េងលីម ដែលគេដឹងថា កំពុងគង់នៅប្រទេសអូស្ត្រាលី បញ្ឃប់ការយក ឈ្មោះ និងរូបថតរបស់លោកទាំងពីរនាក់ ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតតទៅទៀត បើមិនបញ្ឈប់សកម្មភាពទេនឹងមានវិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា បើយោងតាមសេចក្ដីថ្លែងការណ៍មួយច្បាប់របស់ព្រះសង្ឃនាម សៀង សំណាង ប្រធានសមាគមទ្រទ្រង់ព្រះពុទ្ធសាសនា និងបណ្ដុះបណ្ដាល សិស្សក្រីក្រ ចេញកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ បានអោយដឹងថា ព្រះសង្ឃ ម៉ិល វ៉េងលីម នេះ គឺត្រូវបានបញ្ឈប់ពីប្រធានក្រុមប្រឹក្សាភិបាល សមាគមទ្រទ្រង់ព្រះពុទ្ធសាសនា និងបណ្ដុះបណ្ដាលសិស្សក្រីក្រ តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ៕