(បាត់ដំបង)៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលបានពុលដំឡូងមី មានស្ថានភាពធ្ងន់-ស្រាល១០នាក់ ស្ថិតនៅស្រុកមោងឫស្សីនោះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បានធូស្រាលអស់ហើយ រហូតមកដល់រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា ករណីពុលដំឡូងមី ខាងលើនេះបានកើតឡើង នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបានកើតឡើងទៅលើប្រជាពលរដ្ឋក្រីក្រ១គ្រួសារ។ ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍ថា ជនរងគ្រោះទាំង១០នាក់រួមមាន ទី១-ឈ្មោះ ទិត្យ ផាន់ អាយុ៦៧ឆ្នាំ(ធ្ងន់ ) ទី២-ឈ្មោះ ហាម វឿយ ភេទស្រី អាយុ៤៩ឆ្នាំ ជាប្រពន្ធ (ស្រាល) ទី៣-ឈ្មោះ ផាន់ សាវឿន ភេទស្រី អាយុ២៧ឆ្នាំ ជាកូនមានផ្ទៃពោះ០៦ខែ (ធ្ងន់ ) ទី៤-ឈ្មោះ ផាន់ លាប ភេទស្រី អាយុ០៧ឆ្នាំ ជាចៅ (ធ្ងន់) ទី៥-ឈ្មោះ ផាន់ ផាត ភេទប្រុស អាយុ០២ឆ្នាំ ជាចៅ (ធ្ងន់) ទី៦-ឈ្មោះ ផាន់ ទុំ ភេទប្រុស អាយុ១៦ឆ្នាំ ជាកូន (ស្រាល) ទី៧-ឈ្មោះ ផាន់ ស្រីទាវ ភេទស្រី អាយុ១៥ឆ្នាំ ជាកូន (ស្រាល) ទី៨-ឈ្មោះ ផាន់ ដី ភេទប្រុស អាយុ០៩ឆ្នាំ ជាកូន (ស្រាល) ទី៩-ឈ្មោះ ផាន់ ឡី ភេទប្រុស អាយុ០៨ឆ្នាំ ជាកូន (ស្រាល) និងទី១០-ឈ្មោះ ផាន់ ផា ភេទប្រុស អាយុ០៦ឆ្នាំ ជាកូន (ស្រាល)។
តាមសេចក្តីរាយការណ៍ថា មូលហេតុដែលធ្វើឲ្យមនុស្សពុលដំឡូងមីរហូតដល់១០នាក់នេះ បណ្តាលមកពី ជនរងគ្រោះ ទិត្យ ផាន់ បានសុំដំឡូងមីចំនួន០២គីឡូក្រាម មានត្រួយពណ៌ស ពីប្អូនថ្លៃឈ្មោះ សំ កន ភេទប្រុស អាយុ៦៥ឆ្នាំ នៅស្រុកគាស់ក្រឡ យកមកស្ងោរហូប ទើបបណ្តាលឲ្យពុលតែម្តង ។ បច្ចុប្បន្នជនរងគ្រោះ បាន និងកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ប៉ុន្តែបានធូស្រាលហើយ។ជនរងគ្រោះ ក៏បានសូមអំពាវនាវ ឲ្យសប្បុរសជន និងថ្នាក់ដឹកនាំជួយពួកគេផង ខណៈដែលជីវភាពមានការលំបាកយ៉ាងខ្លាំង៕