(ភ្នំពេញ)៖ ការប្រែប្រួលអាកាសធាតុ គឺជាកត្តាចម្បងដែលនាំឲ្យទឹកទន្លេមេគង្គស្ថានភាពរាក់ជាងមុន មិនមែនដោយសារតែការទប់ទឹកដើម្បីធ្វើវារីអគ្គិសនី របស់ប្រទេសចិន ឬប្រទេសឡាវ ដែលនៅលើកម្ពុជាតែមួយមុខនោះទេ។ នេះបើតាមការលើកឡើងពី លោក តែ ណាវុធ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គ។
ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ក្រោមប្រធានបទ «ស្ថានភាពរបបជលសាស្ដ្រ ក្នុងអាងទឹកទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន» លោក តែ ណាវុធ ក៏ទទួលស្គាល់ដែរថា ការទប់ទឹកដើម្បីធ្វើវារីអគ្គិសនីក៏ជាកត្តារួមផ្សំផងដែរ ប៉ុន្ដែកត្តាដែលជះឥទ្ធិពលខ្លាំងបំផុតនោះ គឺការប្រែប្រួលអាកាសធាតុតែម្ដង។
មន្ដ្រីជំនាញរូបនេះ បានពន្យល់ថា ទំនប់វារីអគ្គិសនីមិនបានប្រើប្រាស់ទឹកទេ ពោលគ្រាន់តែទប់ទឹក ឬស្ទាក់ទុកដើម្បីផលិតថាមពលអគ្គិសនីតែប៉ុណ្ណោះ ដូច្នេះនៅរដូវវស្សា ទំនប់វារីអគ្គិសនីត្រូវបញ្ចេញទឹកខ្លះដែលលើសចំណុះ ហើយនៅរដូវប្រាំងត្រូវបន្ថែមទឹកវិញ ដើម្បីគ្រប់ទៅតាមតម្រូវការក្នុងការផលិតជាថាមពលអគ្គិសនី។
លោកបានថ្លែងយ៉ាងដូច្នេះថា «ទឹកទន្លេមេគង្គតិច ក៏មានកត្តាចូលរួមពីការទប់ទឹកធ្វើវារីអគ្គិសនី ប៉ុន្ដែកត្តាប្រែប្រួលអាកាសធាតុ កត្តាអ៊ែលលីណូ ជាកត្តាចម្បង»។
កម្ពុជា ក្នុងនាមជាប្រទេសសមាជិកទន្លេមេគង្គ នឹងខិតខំបន្ដសហការជាមួយប្រទេសជាសមាជិកផ្សេងទៀត ក្នុងការផ្លាស់ប្ដូរទិន្នន័យព័ត៌មានគ្នាទៅវិញទៅមក ព្រោះថាបើគ្មានទិន្នន័យ គ្មានព័ត៌មានមិនអាចវិភាគ ឬវិនិច្ឆ័យបាននោះទេ ដើម្បីធានាដល់ការប្រើប្រាស់ទឹកទន្លេមេគង្គរួមគ្នា។ នេះបើតាមការឲ្យដឹងពី លោក តែ ណាវុធ។
គួរជម្រាបថា ទន្លេមេគង្គមានប្រវែងប្រហែល៥,០០០គីឡូម៉ែត្រ ដែលឆ្លងកាត់ប្រទេសចំនួន៦គឺ ប្រទេសចិន ភូមា ថៃ ឡាវ កម្ពុជា វៀតណាម និងហូរចាក់ចូលក្នុងសមុទ្រចិនខាងត្បូង។ ទន្លេមេគង្គជាសរសៃឈាមរបស់ប្រទេសកម្ពុជា ទន្លេនេះហូរកាត់ខេត្តដូចជា ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម រាជធានីភ្នំពេញ និងព្រៃវែង ហើយបានបញ្ចប់នៅព្រំប្រទល់វៀតណាម។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទន្លេមេគង្គ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ពិសេសទឹកសម្រាប់បម្រើឲ្យវិស័យកសិកម្ម។
លោកថា ប្រព័ន្ធធារាសាស្ដ្រវ៉ៃកូ ដែលលាតសន្ធឹងពីខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង ជាគម្រោងមួយដ៏ធំរបស់កម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ៣០ម៉ឺនហិចតា ដូច្នេះដើម្បីឲ្យគម្រោងនេះមានសក្ដានុពលទាំងរដូវប្រាំង និងរដូវវស្សា គឺត្រូវទាញទឹកពីទន្លេមេគង្គ តាមរយៈទន្លេតូច រួចបន្ដចែកចាយទៅតាមប្រឡាយ។
បើតាមអ្នកនាំពាក្យក្រសួងធនធានទឹក នៅពេលរដូវវស្សាមកដល់ ប្រសិនបើទឹកនៅស្ថានីយ៍កំពង់ចាម ឡើងប្រហែល១០ម៉ែត្រ ទឹកហូរចូលទៅព្រែកវ៉ៃកូដោយស្វ័យប្រវត្តិ ប៉ុន្ដែនៅរដូវប្រាំង គឺត្រូវប្រើស្ថានីយ៍បូមទឹក។ នេះជាអ្វីដែលកម្ពុជា នឹងទាញយកអត្ថប្រយោជន៍ពីទន្លេមេគង្គនាពេលខាងមុខ។
លោក ចាន់ យុត្ថា ក៏បានមិនភ្លេចប្រាប់ដែរថា អ្វីដែលកម្ពុជាទទួលបានពីទន្លេមេគង្គនាពេលកន្លងមក គឺនៅពេលមានទឹកជំនន់ទន្លេមេគង្គឡើងខ្លាំង នឹងចាក់ចូលបំពេញបន្ថែមទៅទន្លេសាប ប្រមាណ៤០ភាគរយ។ ពេលនោះហើយធ្វើឲ្យបឹងទន្លេសាបរីកធំ ហើយពេលបឹងទន្លេសាបរីកធំ នឹងនាំឲ្យលិចព្រៃលិចទឹកនៅជុំវិញនោះ ធ្វើឲ្យវារីរុក្ខជាតិមួយចំនួនក្លាយជាចំណីរបស់ត្រី។
មន្ដ្រីជាន់ខ្ពស់ក្រសួងធនធានទឹក ក៏បានបន្ថែមទៀតថា ជំនន់ទឹកទន្លេមេគង្គនេះទៀតសោត ក៏បាននាំមកនូវដីល្បាប់ ដែលជាដីមានជីជាតិសម្រាប់ការបង្កបង្កើនផលរបស់ប្រជាកសិករផងដែរ។ ក្រៅពីនេះ ជំនន់ទន្លេមេគង្គ ក៏សម្លាប់បាននូវសត្វល្អិតចង្រៃជាច្រើនផ្សេងទៀតផងដែរ ដែលរំខានដល់កសិករ។
អត្ថប្រយោជន៍មួយទៀត ដែលកម្ពុជាបានទាញយកពីទឹកទន្លេមេគង្គ គឺការស្ទាក់ទឹកដើម្បីបំពេញទៅតាមស្ទឹង បឹង សម្រាប់បម្រើឲ្យការបង្កបង្កើនផលរបស់ប្រជាកសិករ នៅពេលរដូវសម្រក៕