(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្ដឧបត្ថម្ភធុងសំរាមចំនួន១០០ធុងបន្ថែម ដល់សាលាបឋមសិក្សាចំនួន១១ផ្សេងទៀត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដើម្បីលើកកម្ពស់អនាម័យបរិស្ថានសាលារៀន។
នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត អ៊ឹម សុធារិទ្ធ មានប្រសាសន៍ថា ការបន្ថែមចំនួនធុងសំរាមដើម្បីផ្ដល់ទៅសាលាបឋមសិក្សា១១ផ្សេងទៀតនេះ គឺជាការខិតខំប្រឹងប្រែងចូលរួមរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយសាលាខណ្ឌដង្កោ សហគមន៍ និងសាលារៀន ក្នុងការបណ្ដុះទម្លាប់អនាម័យស្អាតរបស់សិស្សានុសិស្សតាមសាលាបឋមសិក្សា ដើម្បីឆ្ពោះទៅសម្រេចនូវទស្សនវិស័យបរិស្ថានសហគមន៍ស្អាត។
កាលថ្ងៃទី៦សីហា ឆ្នាំ២០២០ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបបានប្រគល់ធុងសំរាមចំនួន១៣០ធុងដល់សាលាបឋមសិក្សាចំនួន១២ ក្នុងខណ្ឌដង្កោ ដើម្បីទុកដាក់សំរាមឲ្យមានរបៀបរៀបរយ។
ធុងសំរាមចំនួន១០០ធុងត្រូវបានដាក់ពង្រាយនៅក្នុងសាលាបឋមសិក្សាឫស្សីសាញ់ សាលាបឋមសិក្សាព្រៃសរ សាលាបឋមសិក្សាទួលរកាកុះ សាលាបឋមសិក្សាត្រពាំងសាលា សាលាបឋមសិក្សា សម្តេច ហ៊ុន សែន ព្រៃវែង សាលាបឋមសិក្សាទួលសំបូរ សាលាបឋមសិក្សាកំពង់ក្តុល សាលាបឋមសិក្សា ហ៊ុន សែន សាក់សំពៅ សាលាបឋមសិក្សាក្រាំងពង្រ សាលាបឋមសិក្សាពងទឹក និងសាលាបឋមសិក្សាស្រែញរ៍៕