(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៥ ដែលសហការរៀបចំដោយសហព័ន្ធស្រូវអង្ករកម្ពុជា និងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំឭកឡើងវិញអំពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើក វេទិកានេះ កាលពីម្សិលមិញ និងបានមានប្រសាសន៍កត់សម្គាល់ផងដែរ អំពីអ្វីដែលក្រសួងពាណិជ្ជកម្មសម្រេចបានដើម្បីដោះស្រាយ បញ្ហាសំខាន់ៗ និងបញ្ហាប្រឈមនានា ក្នុងការរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើង និងការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនក្នុងការ បំពេញការងារក្នុងភាពដៃគូ រួមគ្នា ដើម្បីអភិវឌ្ឍម៉ាកយីហោអង្ករកម្ពុជា លើកកម្ពស់ភាពប្រកួតប្រជែងរបស់អង្ករយើង និងបង្កើនសមត្ថភាពនៃការនាំចេញអង្ករ ទៅកាន់ទីផ្សារពិភពលោក។
លោកទេសរដ្ឋមន្ត្រីបានជម្រាបជូន ដល់អ្នកចូលរួមវេទិកានេះថាបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងទំនាក់ទំនង ជាមួយវិនិយោគិន ចិនឲ្យមកវិនិយោគលើ ឃ្លាំងស្តុក និងឡសម្ងួតនៅទូទាំងប្រទេស ដើម្បីធានាបាននូវសមត្ថភាពស្តុកកាន់តែប្រសើរសម្រាប់ការនាំចេញ និងដើម្បីការពារអត្ថប្រយោជន៍របស់កសិករយើង។
សូមជម្រាបថា ក្នុងវេទិកាស្រូវអង្ករកម្ពុជា លើកទី៥នេះ ក៏មានការរៀបចំប្រកួតស្រូវអង្ករល្អបំផុតលើសគេ ប្រចាំប្រទេសកម្ពុជាផងដែរ ដោយម្ចាស់ជ័យលាភីរួមមាន៖
១.ពានរង្វាន់ស្រូវល្អបំផុតផ្ការំដួលរបស់កម្ពុជា បានទៅលើ «សហគមន៍កសិកម្មសង្ហារផល»
២.ពានរង្វាន់អង្ករសគ្រាប់វែងរបស់កម្ពុជា បានទៅលើ ក្រុមហ៊ុនអេមរ៉ុរ៉ាយ (Amru Rice)
៣.ពានរង្វាន់អង្ករចំហ៊ុយរបស់កម្ពុជា បានទៅលើ ក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វ អេស៊ា (Signature of Asia)
៤.ពានរង្វាន់អង្ករក្រអូបធម្មតារបស់កម្ពុជា បានទៅលើ ក្រុមហ៊ុនហុងហៀប
៥.ពានរង្វាន់អង្ករក្រអូបល្អបំផុតរបស់កម្ពុជា បានទៅលើ ក្រុមហ៊ុនស៊ីធីរ៉ាយ (City Rice)