(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលជាស្ថាប័នឯករាជ្យ ត្រូវតែឆ្លុះបញ្ចាំងការពិតដោយមិនខ្លាចញញើត ឬមិនស្ថិតនៅក្រោមសំពាធណាមួយ បើទោះបីជារដ្ឋបាល និងហិរញ្ញវត្ថុ ស្ថិតក្រោមការគ្រប់គ្រង និងចាត់ចែងដោយរាជរដ្ឋាភិបាលក្តី ប៉ុន្តែត្រូវតែមានភាពឯករាជ្យ ដើម្បីឱ្យសង្គមកម្ពុជាមានភាពយុត្តិធម៌។
ការដាស់តឿនបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពីធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋាន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម បានដាស់តឿនយ៉ាងដូច្នេះថា៖ «នេះជាចំណុចសំខាន់ណាស់ ព្រោះថា គណៈកម្មាធិការជាតិនេះ ជាគណៈកម្មាធិការមួយឯករាជ្យ ក្នុងការវាយតម្លៃ ត្រួតពិនិត្យទៅលើអំពើទារុណកម្ម មិនស្ថិតនៅក្រោមការបញ្ជារបស់រដ្ឋាភិបាលទេ បើមានអំពើធ្វើទារុណកម្ម គឺគណៈកម្មាធិការនេះ ត្រូវតែឆ្លុះបញ្ចាំងការពិត ដោយមិនខ្លាចញញើត ឬមិនស្ថិតនៅក្រោមសំពាធណាមួយរបស់រដ្ឋាភិបាល។ ពិតហើយមិនខុសអី ពីស្ថាប័នតុលាការនោះទេ ខាងរដ្ឋបាល ហិរញ្ញវត្ថុ គឺជាការគ្រប់គ្រង ឬចាត់ចែងរបស់រាជរដ្ឋាភិបាល ប៉ុន្តែសម្រាប់ការកាត់សេចក្តី គឺត្រូវតែមានភាពឯករាជ្យ យុត្តិធម៌ មិនត្រូវស្ថិតនៅក្រោមសំពាធណាមួយនោះទេ ដើម្បីឱ្យសង្គមរបស់យើងវាយុត្តិធម៌»។
ពាក់ព័ន្ធនឹងចំណុចនេះដែរ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវចុះត្រួតពិនិត្យនៅតាមពន្ធនាគារ ឬម ន្ទីរឃុំឃាំង បើទោះបីជាមិនបានជូនដំណឹង ឬបានជូនដំណឹងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែផ្តល់កិច្ចសហការ ហើយមន្ត្រីដែលចុះបំពេញសកម្មភាពនានា ត្រូវតែបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ដោយមិនលំអៀង ចំណុចនេះជាលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីធានាដល់ការទប់ស្កាត់អំពើធ្វើទារុណកម្ម នៅតាមមន្ទីរឃុំខ្លួននានា នៅទូទាំងប្រទេសកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ដោយហេតុថាគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ទើបតែត្រូវបានបង្កើតឡើង ការពង្រឹងរបៀបរបបការងារ និងការកសាងសមត្ថភាពរបស់មន្ត្រី នៃគណៈកម្មាធិការនេះ គឺមានលក្ខណៈចាំបាច់ និងមានសារៈសំខាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយទំនួលខុសត្រូវ និងប្រសិទ្ធភាព។
សម្ដេចបានលើកឡើងថា កន្លងមកមានចេញព្រះរាជក្រឹត្យកំណត់អំពីតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់គណៈកម្មាការជាតិប្រឆាំងទារុណកម្ម ហេតុដូចនេះ សមាជិក និងមន្ត្រីម្នាក់ៗ នៃគណៈកម្មាធិការនេះ ត្រូវតែស្វែងយល់អំពីតួនាទី ភារកិច្ច និងការរៀបចំរចនាសម្ព័ន្ធ នៅក្នុងគណៈកម្មាធិការនេះ ឱ្យបានច្បាស់លាស់។
សម្ដេចបានបន្តថា គណៈកម្មាធិការត្រូវយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ពោលគឺបំពេញការងារដោយឯករាជ្យ ដោយគ្មានការហាមឃាត់ គំរាមកំហែងពីស្ថាប័នណាមួយ ឬរាជរដ្ឋាភិបាលឡើយ។
ជាងនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ថា ការពង្រឹងរបៀបរបបការងារ និងសាមគ្គីភាពពិតជាមានសារៈសំខាន់ និងចាំបាច់ ដោយការងារត្រូវធ្វើតាមឋានានុក្រម មានការរាយការណ៍សុំយោបល់ពីថ្នាក់ដឹកនាំដែលធ្វើការផ្ទាល់ជាមួយនឹងការងារតាមផ្នែកនីមួយៗ ជាពិសេសគឺមិនរំលោភលើតួនាទី ភារៈកិច្ច អំណាចនៃការទទួលខុសត្រូវ។ សម្ដេចបានបន្ថែមថា ទាំងថ្នាក់ដឹកនាំ និងមន្ត្រីត្រូវគោរព ស្ដាប់យោបល់ ផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក និងត្រូវមានសមូហភាពក្នុងការធ្វើការងារជាក្រុម ក្នុងគោលបំណងជៀសវៀងនូវបញ្ហា និងកំហុសឆ្គងផ្សេងៗ។
ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការកសាង និងរៀបចំសមត្ថភាពមន្ត្រី គឺចាំបាច់ត្រូវមានលក្ខណៈចម្រុះ ដោយបញ្ចូលទាំងអ្នកមានសមត្ថភាព ដែលបានសិក្សានូវមុខវិជ្ជានានា អ្នកមិនទាន់មានបទពិសោធន៍ និងអ្នកមានបទពិសោធន៍ការងារ ក្នុងកម្រិតផ្សេងៗគ្នា ដើម្បីធ្វើយ៉ាងណាឱ្យចូលរួមអនុវត្តការងារដោយវិជ្ជាជីវៈ និងទទួលបានលទ្ធផលល្អ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងយ៉ាងដូច្នេះថា «អ្នកដែលបានរៀនសូត្រជាទ្រឹស្ដីនៅតាមសាលា មិនទាន់គ្រប់គ្រាន់ទេ ទាល់តែឆ្លងកាត់ធ្វើជាក់ស្ដែង ទើបមានបទពិសោធន៍ ការធ្វើជាក់ស្ដែងក៏អាចមានកម្រិតខុសគ្នាដែរ អ្នកខ្លះឆ្លងកាត់ពីមូលដ្ឋាន ធ្វើការងារជាមួយប្រជាពលរដ្ឋ ដូច្នេះគេដឹង សុខទុក្ខប្រជាពលរដ្ឋ មានមូលដ្ឋានគ្រឹះ ទស្សនៈ គោលជំហររឹងមាំក្នុងការគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អ្នកខ្លះទៀតរៀនចប់ កាន់ការងារធំ អាចមានចន្លោះប្រហោង ព្រោះថាមិនទាន់មានបទពិសោធន៍។ នេះជាបញ្ហាដែលយើងដកពិសោធន៍ ក្នុងការកសាងសមត្ថភាពរបស់មន្ត្រី អ្នកដែលមានបទពិសោធន៍ និងអ្នកមានសមត្ថភាព ការរៀនសូត្រ ត្រូវបញ្ចូលជាមួយគ្នា មិនអាចបោះបង់ចោល ឬខ្វះមួយណាឡើយ»។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់សមាជិក និងមន្ត្រីទាំងអស់ដែលសុទ្ធជាអ្នកបន្តវេន ឱ្យខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន ដោយក្ដីសង្ឃឹម ដើម្បីសម្រេចគោលដៅនានា និងបម្រើប្រទេសជាតិទាំងមូល។
ព្រមជាមួយគ្នានោះ សម្ដេចក្រឡាហោម បានបញ្ជាក់បន្ថែមថា ការងារនៅតាមស្ថាប័ន ឬអង្គភាពណាក៏ដោយសុទ្ធតែមានតម្លៃ និងអត្ថប្រយោជន៍ដូចគ្នា ឱ្យតែយើងធ្វើបានជោគជ័យ គឺចាត់ទុកថាយើងមានស្នាដៃ មានសមត្ថភាព និងទទួលបានការលើកទឹកចិត្តជាក់ជាមិនខាន៕