(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានជំរុញឱ្យអភិបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធបោសសម្អាត និងប្រឆាំងអំពើពុករលួយឱ្យបានល្អនៅតាមច្រកព្រំដែននានា ទូទាំងខេត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ការជំរុញបែបនេះ របស់លោក ម៉ម ប៊ុននាង បានធ្វើឡើងនៅក្នុងជំនួបមួយរវាងមន្ត្រីជាន់ខ្ពស់មួយក្រុមមកពីព្រឹទ្ធសភា រវាងអភិបាលខេត្ត លោក គង់ សោភ័ណ្ឌ, លោកស្នងការនគរបាលខេត្តកណ្ដាល ឈឿន សុចិត្ត ព្រមទាំងចូលរួមពីមន្ត្រីអ្នកមុខអ្នកការនៅសាលាខេត្តជាច្រើននាក់ផ្សេងទៀត នាថ្ងៃទី១០ ខែសីហាម្សិលមិញនេះ នៅទីស្នាក់ការគយ និងរដ្ឋាករក្អមសំណរ ស្ថិតក្នុងស្រុកលើកដែកខេត្តកណ្ដាល។
នាឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានថ្លែងថា ការចុះមកមូលដ្ឋានស្រុកលើកដែកនាពេលនេះ គឺមានគោលបំណងស្វែងយល់អំពី វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអភិវឌ្ឍន៍មូលដ្ឋាន ការអនុវត្តច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ដើម្បីទទួលបាននូវបញ្ហាប្រឈម និងសំណូមពរនានា ពីការអនុវត្តនៅតាមមូលដ្ឋាន ដើម្បីធ្វើជារបាយការណ៍គ្រប់គ្រាន់ជូនដល់គណៈកម្មាធិការ និងព្រឹទ្ធសភា ពិសេសបានរាយការណ៍ជូនរាជរដ្ឋាភិបាលផងដែរ។
លោក ម៉ម ប៊ុននាង បានលើកឡើងទៀតថា ក្នុងការចុះទស្សនកិច្ចការងារនឹងទទួលបាននូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការងារជាមួយថ្នាក់ដឹកនាំខេត្តកណ្ដាល បានផ្សព្វផ្សាយច្បាប់ និងព័ត៌មានថ្មីៗពីថ្នាក់ជាតិដល់មូលដ្ឋាន ព្រមទាំងយល់ដឹងអំពីវិធានការ និងលទ្ធផលនៃការពង្រឹងអភិបាលកិច្ចល្អ ពិសេសការប្រឆាំងអំពើពុករលួយ និងវិសហមជ្ឈការ ជាមួយគ្នានេះផង គណៈប្រតិភូនឹងបានឃើញជាក់ស្ដែងអំពីការអភិវឌ្ឍន៍នៅមូលដ្ឋានផងដែរ។
ទន្ទឹមនឹងសារនេះដែរលោក គង់ សោភ័ណ្ឌ បានលើកឡើងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ក្នុងរយៈពេលនេះខេត្តកណ្ដាល បានបន្តពីវិវត្តប្រែប្រួលទៅមុខប្រកបដោយមោទនភាព ក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម។
លោកអភិបាលខេត្ត បានបន្តថា ខេត្តកណ្ដាល មានច្រកទ្វារព្រំដែនចំនួន៤ គឺច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ច្រកទ្វារតំបន់ព្រែកជ្រៃ-ព្រែកទន្លា និងច្រកទ្វារតំបន់ព្រែកស្បូវ។ ខេត្តបានលុបបំបាត់ច្រករបៀងទាំងស្រុង ហើយការលក់ ឬជួលដីស្រែ ដីចំការ ឬលំនៅឋាននៅតាមព្រំដែន ទៅឱ្យប្រជាពលរដ្ឋនៃប្រទេសវៀតណាម ក៏ត្រូវបានបញ្ឈប់ទាំងស្រុង រហូតមកដល់បច្ចុប្បន្ននេះ។
ជាងនេះទៅទៀតរដ្ឋបាលខេត្ត បានធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ក្នុងការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានខេត្តឱ្យមានប្រសិទ្ធភាពល្អផងដែរ៕