(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធ រួមគ្នាការពារផ្ទៃបឹងធម្មជាតិ ក្នុងគោលបំណង ទុករំដោះទឹកជំនន់ ចេញពីក្រុងកំពង់ចាមផង និងទុកជាផ្លូវនាំទឹក ដើម្បីបម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មផង។
បទបញ្ជានេះ លោកអភិបាលខេត្តបានលើកឡើង នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ប្រមាណជាង ៣០គ្រួសារនៅតំបន់ទំនប់តាសេក ភូមិតាសេក ឃុំកោះរកា ស្រុកកំពង់សៀម។
លោកអភិបាលខេត្តបានថ្លែងថា ផ្ទៃបឹងធម្មជាតិ មានប្រយោជន៍ក្នុងការរំដោះទឹកជំនន់ ហើយក៏ជាផ្លូវ នាំទឹកចូលទៅកាន់តំបន់ទំនាប ដើម្បីឱ្យប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មរបស់ពួកគាត់ផងដែរ។ ហេតុដូច្នេះហើយ មន្ត្រីជំនាញពាក់ព័ន្ធត្រូវចុះសិក្សា និងកំណត់ព្រំឲ្យបានត្រឹមត្រូវ ចៀសវាងមានអ្នកឆ្លៀតឱកាសចាក់ដីលុបបឹងយកធ្វើកម្មសិទ្ធិរបស់ខ្លួន។
ទាក់ទិនទៅនឹងដំណោះស្រាយបញ្ហាដីធ្លីប្រជាពលរដ្ឋ ៣៤ គ្រួសារ នៅតំបន់ទំនប់តាសេក លោកអភិបាលខេត្ត បានចាត់អភិបាលរងខេត្ត លោក កែវ នាឬទ្ធិ ដឹកនាំក្រុមការងារចុះសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់សិន ដើម្បីរៀបចំរបាយការណ៍ និងធ្វើការប្រជុំដោះស្រាយលើបញ្ហានោះ នៅពេលក្រោយទៀត៕