(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ស្ថានភាពរបបជលសាស្ដ្រ ក្នុងអាងទឹកទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន» ដែលមានការចូលរួមជាវាគ្មិនពី តំណាងក្រសួងធនធានទឹក និងឧតុនិយម។
តាមរយៈសន្និសីទសារព័ត៌មាននេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក បានឲ្យដឹងថា កម្រិតកំពស់ទឹកភ្លៀង និងកំពស់ទឹក ក្នុងអាងទន្លេមេគង្គក្រោម គិតមកដល់ដើមខែសីហា ឆ្នាំ២០២០ នៅមានកម្រិតទាប បើធៀបជាមួយឆ្នាំ២០១៨, ឆ្នាំ២០១៩ និងកម្រិតមធ្យមច្រើនឆ្នាំ។
ទឹកទន្លេនៅទាប និងភាពរាំងស្ងួតក្នុងឆ្នាំ២០២០ ដោយសារ ទី១៖ តាំងពីដើមឆ្នាំ២០២០ មានភ្លៀងធ្លាក់តិចតួច ក្រោមឥទ្ធិពលនៃបាតុភូតិ អែល នីណូ ដែលបានអូសបន្លាយតាំងពីឆ្នាំ២០១៩, ទី២៖ ភាពរាំងស្ងួត និងកម្រិតទឹកទាបនៅឆ្នាំ២០១៩ បានធ្វើឲ្យផ្ទៃអាងទន្លេមេគង្គ មានសភាពស្ងួត និងទឹកស្តុកក្នុង អាងបឹងបួរ នៅសល់បរិមាណតិចតួច និងទី៣៖ កម្រិតលំហូរទឹក តាមបណ្តាដៃទន្លេមេគង្គ ហូរចូលមកទន្លេមេ មានការធ្លាក់ចុះ។
បើតាមក្រសួងធនធានទឹក ចាប់ពីដើមខែសីហា ឆ្នាំ២០២០ បរិមាណទឹកភ្លៀង និងកំពស់ទឹកទន្លេ មានការកើនឡើងគួរឲ្យកត់សំគាល់។ ឥទ្ធិពល នៃជ្រលងសម្ពាធទាប, វិសម្ពាធត្រូពីក, ព្យុះត្រូពីក ឬព្យុះទីហ្វុង ដែលបរិមាណទឹកភ្លៀង អាចរំពឹងនឹងមានការកើនឡើង លើសពីកម្រិតមធ្យម។ ជំនន់ទឹកភ្លៀង នៅតាមបណ្តាអាងស្ទឹងនានា នៅក្នុងប្រទេស នៅតែជាបញ្ហាប្រឈមដែលអាចកើតមានឡើង ទាមទារឲ្យមានការយកចិត្តទុកដាក់ប្រុងប្រយត្ន័ខ្ពស់៕