(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋម ន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការគ្រប់គ្រងជនដែលត្រូវបានដកហូតសេរីភាព ដើម្បីអនុវត្តឱ្យស្របតាមច្បាប់ជាតិ និងស្មារតីនៃអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមលើអនុសញ្ញានេះ។
ការផ្តល់អនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពីធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋាន្តរសក្តិ និងបំពាក់គ្រឿងឥស្សរយសជូនមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ និងបំពាក់ឋានន្តរស័ក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន សមាជិក មន្ត្រីលេខាធិការដ្ឋាននៃ គ.ជ.ប.ទ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានា ជាច្រើននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ។
អនុសាសន៍ទាំង២ចំណុចរបស់សម្តេចក្រឡាហោម ស ខេង មានខ្លឹមសារដូចតទៅ៖
ទី១៖ ចំពោះគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មគឺ៖
* ត្រូវបន្តអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអនុញ្ញាប្រឆាំងទារុណកម្ម ពិធីសារបន្ថែម និងសន្ធិសញ្ញាផ្សេងៗទៀត ព្រមទាំងបទបញ្ញត្តិទាំងឡាយក្នុងច្បាប់ជាតិដែលពាក់ព័ន្ធទៅដល់អាជ្ញាធរសាធារណៈ និងមន្ត្រីដែលបំពេញតួនាទីនៅតាមទីកន្លែងឃុំឃាំងជនដែលបានដកហូតសេរីភាព។
* ត្រូវចេះត្រួតពិនិត្យ និងតាមដានយ៉ាងទៀងទាត់ អំពីស្ថានភាពនៅតាមកន្លែងឃុំឃាំងនានា ក្នុងគោលដៅពង្រឹងការការពារដល់ជនជាប់ឃុំ ពីការធ្វើទារុណកម្ម និងត្រូវផ្តល់អនុសាសន៍ចាំបាច់ដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងគោលបំណងកែលម្អប្រព្រឹត្តកម្ម និងស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព ស្របតាមនីតិវិធីនៃច្បាប់ជាតិ និងអនុលោមតាមស្មារតី នៃអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម។
* ត្រូវសហការគ្នាឱ្យបានល្អ និងមានសាមគ្គីភាពផ្ទៃក្នុងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជាពិសេសត្រូវមានទំនាក់ទំនងល្អ និងជិតស្និតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងអនុសញ្ញាប្រឆាំងទារុណកម្ម និងអនុសាសន៍របស់ អនុគណៈកម្មាធិការ ប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា។
និងទី២៖ ចំពោះមន្ត្រីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ច៖
* ត្រូវលើកកម្ពស់ស្មារតី គោរពសិទ្ធិមនុស្ស ជាពិសេសចំពោះជនដែលត្រូវបានដកហូតសេរីភាព ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
*ត្រូវសហការបង្កលក្ខណៈងាយស្រួលដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិឱ្យបំពេញ កាតព្វកិច្ច តាមអាណត្តិការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកដល់ការលើកកម្ពស់សិទ្ធមនុស្សប្រចាំនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត៕