(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា (គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា) បានដឹកនាំគណៈប្រតិភូ ជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរស្រុកលើកដែក មន្រ្តីប៉ុស្តិ៍គ្រប់គ្រងច្រកទ្វារព្រំដែន អន្តរជាតិក្អមសំណ ដឹកនាំដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន និងការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តជាតិក្អមសំណ នៅសាលប្រជុំការិយាល័យគយ និងរដ្ឋាករក្អមសំណ ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានលើកឡើងថា ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញតិ្ត បច្ចុប្បន្នព្រឹទ្ធសភា ស្ថិតនៅក្នុងនីតិកាលទី៤ ដែលមានអាណត្តិរយៈ៦ឆ្នាំ។ ព្រឹទ្ធសភាប្រជុំសាមញ្ញ២ដងក្នុង១ឆ្នាំ ហើយសម័យប្រជុំនីមួយៗមានរយៈពេល៣ខែ និងរយៈពេល៣ខែទៀត ស្ថិតក្នុងចន្លោះសម័យប្រជុំ ជាពេលដែលគណៈកម្មការទាំង១០ ត្រូវបំពេញបេសកកម្មតាមដាន និងឈ្វេងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនានាទាក់ទងនឹងការអនុវត្តច្បាប់ជាសមត្ថកិច្ចរបស់ខ្លួន។
ជាក់ស្តែងគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ចុះបេសកកម្មមកខេត្តកណ្តាលនាពេលនេះ គឺមានគោលបំណងដើម្បីឈ្វេង យល់ អំពីៈ«វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់រដ្ឋបាលខេត្តកណ្តាល ពិសេសស្រុកលើកដែក ព្រមទាំងដំណើរការនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដែលឆ្លៀតពេលដ៏មមាញឹកអញ្ជើញចុះ មកឈ្វេងអំពីប្រសិទ្ធភាព ប្រសិទ្ធផល និងបញ្ហាប្រឈមនានាជុំវិញការអភិវឌ្ឍមូលដ្ឋាន ពិសេសការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងការងារវិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងរដ្ឋបាលខេត្តកណ្តាល។
ជាមួយគ្នានោះ អភិបាលខេត្ត បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ ការអភិឌ្ឍមូលដ្ឋាន វឌ្ឍនភាពនៃការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើរពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវារដ្ឋបាល និងការបង្ការទប់ស្តាប់ការរីករាលដាលនៃជំងឺកូវីដ១៩។
នៅក្នុងឱកាសនោះផងដែរ លោក ចាប ចន្ទវិទ្យា អភិបាលស្រុកលើកដែក ក៏បានរាយការណ៍ ជូនគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា អំពីលទ្ធផលការងារសំខាន់ៗ ដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលស្រុកបានជួបប្រទះ ក្នុងអនុវត្តការងារនៅទឹកដីស្រុកលើកដែកនាពេលកន្លងមក ជូនគណៈប្រតិភូបាន ជ្រាបផងដែរ ។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់អភិបាលខេត្ត និងលោកអភិបាលស្រុករួចមក លោក ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា មានសន្តិភាព ទើបមានការអភិវឌ្ឍរីកចម្រើន។ ភាពរីកចម្រើននេះ គឺអាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងដោយមានការចូលរួមអនុវត្តប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជារដ្ឋបាលខេត្តកណ្តាលទាំងមូល និយាយជារួម និងនិយាយដោយឡែករដ្ឋបាលស្រុកលើកដែក។
ប្រធានគណៈកម្មការទី១០ បានបន្តថា មន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ ហើយបង្ខិតសេវាសាធារណៈឱ្យកាន់តែគៀកជិតប្រជាពលរដ្ឋ កាន់តែឆ្លើយតនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោក ម៉ម ប៊ុននាង បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃអង្គប្រជុំ ដែល បានផ្តល់នូវព័ត៌មានដ៏មានសារៈសំខាន់ ទាក់ ទង នឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុក រលួ យ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
លទ្ធផលនៃអង្គប្រជុំនាពេលនោះ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា នឹងនាំយកទៅរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងអង្គព្រឹទ្ធ ស ភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជូនជ្រាប និងចាត់វិធានការដោះស្រាយ៕