(ភ្នំពេញ)៖ មន្ទីរសុខាភិបាលខេត្តកណ្តាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបដិសេធ ចំពោះរបាយការណ៍របស់ អ៊ំ ឡេង ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ទៅកាន់អភិបាលក្រុងតាខ្មៅ ពាក់ព័ន្ធនឹងសកម្មភាព ស្រ្តីកងទ័ពមួកខៀវម្នាក់ ដែលត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩។
ក្នុងសេចក្តីជូនដំណឹងនេះ មន្ទីរសុខាភិបាលខេត្តកណ្ដាល បានអះអាងថា ករណីដែល លោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើរបាយការណ៍ជូន លោកអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ដីអំពីសកម្មភាពរបស់ អ្នកជំងឺ ផ្ទុកមេរោគកូវីដ១៩ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលទើបនឹងរកឃើញថ្មី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ថា បានធ្វើសកម្មភាពដូចក្នុង លិខិតលេខ ០១១/២០ របក ចុះថ្ងៃទី១០ខែសីហា ឆ្នាំ២០២០ (បានធ្វើបាយសម្លជូនចាស់ៗ និង ចែកប្រាក់ដល់ក្មេងៗព្រមទាំងធ្វើចង្ហាន់ទៅវត្ត) គឺមិនត្រឹមត្រូវទេ គ្មានប្រភពច្បាស់លាស់ខុសពីការចុះធ្វើអង្កេត តាមដានស្រាវជ្រាវរបស់មន្ត្រីជំនាញសុខាភិបាល និងការសហការផ្តល់ព័ត៌មានពីអ្នកជំងឺ និងក្រុមគ្រួសាររបស់គាត់។
មន្ទីរសុខាភិបាល ខេត្តកណ្តាល បានបញ្ជាក់ទៀតថា ជាក់ស្តែងមន្ត្រីជំនាញសុខាភិបាលបានសហការជាមួយ អាជ្ញាធរគ្រប់ថ្នាក់ អនុវត្តតាមបច្ចេកទេសជំនាញជាជំហានៗ តាមវិធានការបង្ការទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល។ ក្រោយពីអ្នកជំងឺខាងលើទទួលលទ្ធផល តេស្តមេរោគកូវីដ ១៩ វិជ្ជមាន ក្រុមការងារ បានចុះយកសំណាក ដើម្បីធ្វើតេស្ត រកមេរោគកូវីដ១៩ ដល់សមាជិកក្រុមគ្រួសារអ្នកជំងឺ ដែលរស់នៅក្នុងផ្ទះជាមួយគ្នា ចំនួន៩នាក់ (ស្រី ០៣នាក់) នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ហើយលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រ បញ្ជាក់ថា អវិជ្ជមាន ទាំង ០៩នាក់ នៅវេលាយប់ថ្ងៃនោះដែរ ហើយអ្នកទាំង០៩នាក់ បាននិងកំពុងដាក់ឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កក្នុងក្រុងតាខ្មៅ ដើម្បីបន្តការពិនិត្យ អង្កេតតាមដាន និងព្យាបាល។ ជាបន្តមន្ត្រីសុខាភិបាល នឹងសហការជាមួយអាជ្ញាធរ អ្នកជំងឺ និងក្រុមគ្រួសារគាត់ ដើម្បីស្រាវជ្រាវ អង្កេតរកអ្នកប៉ះពាល់ ដោយប្រយោលបន្ថែមទៀត។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ លោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើរបាយការណ៍មួយ ជម្រាបជូនអភិបាលក្រុងតាខ្មៅ ដោយអះអាងថា ស្រ្តីកងទ័ពមួកខៀវ ដែលត្រូវបាន រកឃើញមានផ្ទុកមេរោគកូវីដ១៩ បានមកដល់ផ្ទះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ហើយពេលមកដល់ផ្ទះ បានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្វាន់ទៅប្រគេនព្រះសង្ឃនៅវត្តជម្ពូព្រឹកថែមទៀត ព្រមទាំងអះអាងថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ មានការព្រួយបារម្ភខ្លាច ដោយសារតែអ្នកជំងឺបានប៉ះពាល់ អ្នកជិតខាងជាច្រើន។
បើតាម លោក អ៊ុំ ឡេង មេឃុំសិត្បូ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការប្រមូលព័ត៌មានរបស់លោក ខាងលើនេះ គឺបានមកពីអ្នកជិតខាង និងមេភូមិព្រែកត្រែង។
ទោះជាយ៉ាងនេះក្តី បើតាម លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល, ក្រោយមានករណីខាងលើនេះ មន្រ្តីសុខាភិបាល បានចុះពិនិត្យ និងស្រាវជ្រាវផ្ទាល់ ព្រមទាំងបានយកសំណាក មនុស្សជាសាច់ញាតិប្រមាណ ១៣នាក់ ទៅពិនិត្យសុខភាពរកជំងឺកូវីដ១៩ ប៉ុន្តែពួកមិនឃើញមានមេរោគកូវីដ១៩នោះឡើយ។ ទោះបីមិនទាន់ឃើញមានកូវីដ១៩ក៏ដោយចុះ សាច់ញាតិទាំង១៣នាក់ ក៏ត្រូវបានយកទៅឱ្យធ្វើចត្តាឡីស័កបន្តនៅមណ្ឌលធ្វើចត្តាឡីស័កកម្រិត២ផងដែរ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ មន្ទីរសុខាភិបាលខេត្តកណ្តាល៖