(ភ្នំពេញ)៖ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានសំណូមពរឲ្យអ្នកប្រកបរបរ ក្នុងវិស័យទេសចរណ៍ទាំងអស់ មេត្តាកុំដំឡើងថ្លៃមុខទំនិញ ដែលដាក់តាំងលក់នៅគ្រប់កន្លែងរមណីយដ្ឋាន ឬការផ្គត់ផ្គង់សេវាកម្មទេសចរណ៍នានា ក្នុងអំឡុងពេលឈប់សម្រាក ក្នុងឱកាសថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ខាងមុខនេះ។
ការសំណូមពរបែបនេះ របស់លោក ហូ វណ្ឌី ធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទស្ដីពី «ការស្រោចស្រង់វិស័យទេសចរណ៍នៅកម្ពុជា»។
លោក ហូ វណ្ឌី បានបញ្ជាក់យ៉ាងដូច្នេះថា «សំណូមពរដល់អ្នករកទទួលទាន ក្នុងវិស័យទេសចរណ៍ ក្នុងឱកាសចូលឆ្នាំលើកពេលនេះ គឺមានសណ្ឋាគារមួយចំនួន មានការដំឡើងថ្លៃពី១០០% ទៅដល់៣០០% ដូច្នេះគួរតែអាណិតដល់អ្នកទេសចរណ៍ កុំដំឡើងថ្លៃខ្ពស់ពេក ដែលនាំឲ្យមើលទៅវាមិនសមគួរ»។
លោកបានលើកឡើងថា រមណីយដ្ឋាន ឬកន្លែងទេសចរណ៍នានា ទាំងឯកជន និងរដ្ឋ គួរតែចាប់យកឱកាសនេះ ព្រោះឃើញហើយថា បងប្អូនប្រជាពលរដ្ឋ ដែលគាត់ធ្វើដំណើរ ទៅក្រៅប្រទេស ក្នុង១ឆ្នាំៗ មានចំនួនជាង១.២លាននាក់ តែដល់ពេលមានបញ្ហាកូវីដ១៩បែបនេះ ពួកគាត់មិនអាចធ្វើដំណើរទៅក្រៅបាន។
លោកថា បងប្អូនដែលប្រកបរបរក្នុងវិស័យទេសចរណ៍នេះ ត្រូវចេះចាប់យកចិត្ត ចាប់យកកាយរបស់ពួកគាត់, ពេលនោះចំណូល នឹងបានចូលមក ហើយចំណូលនេះ នឹងបន្តដល់អ្នកផ្គត់ផ្គង់ដទៃទៀត នៅពេលដែលអ្នកប្រើប្រាស់នូវផលិតផល ឬប្រើប្រាស់សេវាកម្មផ្សេងៗ។
ជាមួយគ្នានោះ ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជារូបនេះ បានគូសបញ្ជាក់ទៀតថា ការទាក់ទាញភ្ញៀវទេសចរនេះ ក៏ត្រូវគិតទៅលើអនាម័យ សោភ័ណភាព គុណភាពសណ្ដាប់ធ្នាប់ ព្រោះថាអ្នកទេសចរណ៍ទាំងអស់ ត្រូវការទាំងអស់នេះជាចម្បង។
លោក ហូ វណ្ឌី បានបញ្ជាក់ថា ទាំងឯកជន និងរដ្ឋ សូមយកគោលការណ៍ របស់ប្រមុខរាជរដ្ឋាភិបាល ដែលលោកដាក់មកថា គឺអនាម័យសាមគ្គី ទាំងឯកជន និងរដ្ឋ ធ្វើការរួមគ្នា ដើម្បីសម្អាតសំរាម ដែលវាជាសត្រូវរបស់ទេសចរណ៍។
ក្នុងឱកាសនេះផងដែរ លោក ហូ វណ្ឌី ក៏សំណូមពរដល់អ្នកទេសចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរ ទៅលេងកំសាន្តនៅទីកន្លែងនានា ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនផង និងសម្រាប់អ្នកដទៃផង៕