(ភ្នំពេញ)៖ ជំនួបរវាង លោក ចន ឃែរី (John Kerry) រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅព្រឹកមិញ លោក ឃែរី បានប្រាប់ទៅសកម្មជនបក្សប្រឆាំងថា លោកចង់មានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា ។ នេះបើតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។
លោក យឹម សុវណ្ណ បានឱ្យដឹងថា «យើងបានផ្លាស់ប្តូរយោបល់គា្ន គាត់ចង់ឃើញ ឱ្យបរិយាកាសនយោបាយនៅកម្ពុជាហ្នឹង មានលក្ខណៈល្អ ជាពិសេសគាត់ចង់ឱ្យមានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា» ។
ជំនួបរវាង លោក ចន ឃែរី ជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅសណ្ឋាគារRaffles បានធ្វើឡើងនៅមួយរយៈពេលខ្លីប៉ុណ្ណោះ នាម៉ោងជាង១១៖០០ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីប្រមុខការទូតអាមេរិករូបនេះ ជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, និងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ហាក់មិនទម្លាយឱ្យអស់ទាំងស្រុងនោះទេ អំពីខ្លឹមសារដែលបានជជែក ជាមួយ លោក ឃែរី ដោយគ្រាន់តែនិយាយថា បានជជែកអំពីរឿងនយោបាយ ការបោះឆ្នោត និងបញ្ហាសិទ្ធិមនុស្ស។
លោក ចន ឃែរី បានមកធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដែលលោកបានមកដល់ កាលពីយប់ម្សិលមិញ។ គោលដៅរបស់លោកពេលនេះ គឺដើម្បីពិភាក្សាពីការរៀបចំជាមុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅSunnylands ក្នុងរដ្ឋកាលីហ្វនីញ៉ា នៅខែក្រោយនេះ ដែលនៅទីនោះ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍មេដឹកនាំអាស៊ាន៕