(បន្ទាយមានជ័យ)៖ ស្ថិតនៅបរិវេណសាលាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ លោក សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី ចាន់ ថេងអភិបាលក្រុងសិរីសោភ័ណ មន្ត្រីរាជការលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ទៀត បានចូលរួមបើកវេទិការសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋ បានបញ្ចេញមតិ ក្នុងក្តីកង្វល់ និងលើកឡើងយោបល់ផ្សេងៗ ដែលកំពុងកើតមានឡើង តាមមូលដ្ឋានរបស់ខ្លួន។
លោក សុន គន្ធរ បានថ្លែងថា ការបើកវេទិការសាធារណៈនេះ គោលបំណង ដើម្បីចង់ឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានលើកជាសំណួររាល់ការប្រឈមនិងក្តីកង្វល់របស់ខ្លួនក្នុងរយះពេលកន្លងមក។ ក្នុងនោះសិស្សសាលាវិទ្យាល័យអូរអំបិលម្នាក់ឈ្មោះ រឿង សារឿន បានសំណូមពរដល់លោក សុន គន្ធរ ឲ្យជួយយកផ្ទាំងប៉ាណូស្រាបៀរមួយផ្ទាំង ដាក់កាត់ទទឹងផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសាលាវិទ្យាល័យសម្តេចឪ ព្រោះការដាក់ផ្ទាំងប៉ាណូស្រាបៀរនៅមុខសាលាយ៉ាងដូច្នេះ វាធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍សិស្សសាលា ប្រជាពលរដ្ឋ យ៉ាងខ្លាំង ដែលបានធ្វើដំណើរឆ្លងកាត់នៅទីនោះ។ ប្អូនប្រុសបានបញ្ជាក់ទៀតថា បើផ្ទាំងប៉ាណូនោះមិនអាចដកចេញបាន សូមយកទៅដាក់ឲ្យឆ្ងាយពីសាលា ហើយសូមឲ្យដាក់ប៉ាណូនោះឲ្យទាបជាងប៉ាណូរូបព្រះមហាក្សត្រ។ ជាមួយគ្នានេះ ប្អូនបានសំណូមពរដល់នគបាលចរាចរណ៍ ពេលចុះបំពេញភារៈកិច្ច ត្រូវ និយាយស្តីដល់ប្រជាពលរដ្ឋ សូមមេត្តាឲ្យមានសីលធម៌ល្អផង ក្នុងការផាកពិន័យកុំអាមឹងនិងជេរប្រមាថ ដល់ពួកគាត់ ។ នគបាលមេត្តាចុះត្រួតពិនិត្យនៅតាមមូលដ្ឋាន ភូមិ-ឃុំ សង្កាត់ពិសេសនៅតាមសាលារៀន ព្រោះមានគេលួចដាក់ទូហ្គេមដើម្បីពង្វក់សិស្សឲ្យចូលលេងភ្លេចបាយភ្លេចទឹក ពិសេសគេចពីសាលាភ្លេចរៀនសូត្រជាដើម។
ក្នុងនោះក៏មានប្រជាពលរដ្ឋជាច្រើននាក់ បានលើកជាសំណួរដូចជាបញ្ហា ផ្លូវដ៏សែនមហាលំបាកនៅតាមមូលដ្ឋានរបស់ពួកគាត់ បញ្ហាខែប្រាំងខ្លាចជួបប្រទះគ្មានទឹកប្រើប្រាស់ ព្រោះសព្វថ្ងៃមានម៉ាស៊ីនបូមទឹករាប់រយគ្រឿង កំពុងនាំគ្នាបូមទឹកចេញពីស្ទឹងដាក់ស្រែប្រាំងយ៉ាងអាណាធិបតេយ្យធ្វើឲ្យស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបូរីរីងទឹកស្ទើរដល់បាតស្ទឹង។ សំណូមពរនិងសំណួរទាំងអស់ ដែលសិស្ស និងប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិការសាធារណៈនេះ លោក សុន គន្ធរ នឹងនាំយកទៅពិភាក្សាជាមួយថ្នាក់លើដើម្បីដោះស្រាយជូនពួកគាត់ ឲ្យបានសមរម្យនៅពេលខាងមុខ៕