(ព្រះសីហនុ)៖ មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានរកឃើញសារធាតុ បូរ៉ាក់កំរិតខ្ពស់ (សារធាតុគីមីហាមឃាត់)នៅក្នុងមីដុំចំនួន ៣កញ្ចប់ ស្មើនិង៣គីឡូក្រាម របស់សិប្បកម្មផលិតមី «ស៊ុំ ចរនា សញ្ញាតោបី» ដែលមានទីតាំង ផលិតស្ថិតនៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ដែលអាជីវករបានដាក់តាំងលក់លើទីផ្សារ នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក គឹម វិដាល អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ និងមន្រ្តីមន្ទីរពាណិជ្ជកម្ម ព្រមទាំងមន្រ្តីសាលា ខេត្តព្រះសីហនុ បានចុះទៅពិនិត្យមុខទំនិញទាំងនេះ ដើម្បីជួយទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីបានធ្វើការពិសោធន៍ រកឃើញសារធាតុនេះ នៅឯទីតាំងអាជីវករតាំងលក់ក្នុងទីផ្សារ សមត្ថកិច្ចជំនាញក៏បានធ្វើការដកហូតយកទៅកំទេចចោលព្រមទាំង ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ ការលក់ផលិតផលនេះផងដែរ។
មន្រ្តីកាំកុងត្រូលក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ចំពោះផលិតផលប្រភេទនេះ ដែលបានសង្ស័យថា បានចរាចរដាក់លក់នៅទូទាំងប្រទេស។ ជាងនេះទៅទៀត មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានប្រកាសលេខ Hot line ចំនួន២ខ្សែ ផងដែរ ប្រសិនបើបងប្អូនជួបប្រទះនៅចំណីម្ហូបអាហារដែលសង្ស័យប៉ះពាល់ដល់សុខភាពគឺលេខ៖ 017 443 737 – 012 975 657៕